ប្រមុខសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បានលើកឡើងនៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះថា ផលវិបាកដោយសារសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កំពុងកើតឡើងរួចហើយ នៅតំបន់អឺរ៉ុប ដោយតម្លៃថាមពលកើនឡើង ហើយសម្ព័ន្ធមិត្តណាតូ (NATO) ត្រូវបានកំណត់គោលដៅ។
តម្លៃប្រេងបានហក់ឡើងខ្ពស់ខ្លាំងនៅថ្ងៃចន្ទនេះ ដោយឡើងដល់កម្រិតជិត ១២០ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបន្តឈានចូលសប្តាហ៍ទី២ ហើយ ដោយទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារសងសឹកថ្មីលើបណ្ដារដ្ឋឈូងសមុទ្រ។
នៅមុនពេលមានការជជែកតាមទូរស័ព្ទនាវេលាថ្ងៃត្រង់ជាមួយមេដឹកនាំតំបន់មជ្ឈិមបូព៌ា លោកស្រីប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានប្រាប់ឯកអគ្គរដ្ឋទូត EU ថា៖ «ឥឡូវនេះយើងកំពុងឃើញជម្លោះក្នុងតំបន់ ដែលផ្ដល់នូវផលវិបាកដោយមិនបានគិតទុកមុន។ ហើយការររាលដាលនៃផលវិបាក គឺជាការពិតរួចទៅហើយនៅថ្ងៃនេះ»។
ដោយបានលើកឡើងពីយានដ្រូនផលិតដោយអ៊ីរ៉ង់វាយប្រហារមូលដ្ឋានអង់គ្លេសមួយ នៅលើកោះស៊ីបដែលជាសមាជិករបស់ EU ការរំខានពាណិជ្ជកម្ម និងការផ្លាស់ទីលំនៅរបស់ប្រជាជន លោកស្រី von der Leyen បាននិយាយថា៖ «ប្រជាពលរដ្ឋរបស់យើងត្រូវបានជាប់នៅក្នុងជម្លោះនេះ។ ដៃគូរបស់យើងកំពុងត្រូវបានវាយប្រហារ»។
បើទោះបីជាអ៊ីរ៉ង់មិនទាន់បានបិទច្រកសមុទ្រ Hormuz ជាផ្លូវការក៏ដោយ ក៏ការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នេះ ស្ទើរតែលែងមានហើយ។ តម្លៃប្រេងឥន្ធនៈនៅអឺរ៉ុប ក៏បានឡើងរហូតដល់ ៣០ភាគរយ នៅថ្ងៃចន្ទនេះផងដែរ ទោះបីជានៅតែទាបជាងកម្រិតខ្ពស់ដែលបានឈានដល់បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ លើប្រទេសអ៊ុយក្រែនក៏ដោយ៕