សភាលីបង់ នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានសម្រេចពន្យារពេលការបោះឆ្នោតអង្គនីតិបញ្ញត្តិរយៈពេល ២ឆ្នាំ ដោយសារតែសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានសភា។
ប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា បានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក្នុងអំឡុងពេលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ពីប្រធានសភា និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហេសបូឡា គឺលោក Nabih Berri បានឲ្យដឹងថា៖ «ការបោះឆ្នោតដំបូងឡើយ ត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែឧសភា តែឥឡូវនេះ សភាបានសម្រេចអនុម័តបន្តអាណត្តិរបស់ខ្លួនរយៈពេល ២ឆ្នាំទៀត»។
សមាជិកសភាបានកោះប្រជុំ ទោះបីជាយន្តហោះចម្បាំងអ៊ីស្រាអែល បានហោះពីលើតំបន់ជាយក្រុងក្បែរនោះ នៅភាគខាងត្បូងនៃទីក្រុងបេរូតក៏ដោយ។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា សមាជិកសភាជាច្រើនរូបនៃប្លុកដែលមានសមាជិក ១៣រូបរបស់ក្រុមហេសបូឡា បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនោះរួមមានទាំងប្រធានរបស់ក្រុមនេះ គឺលោក Mohammed Raad ផងដែរ។
លីបង់បានពន្យារពេលការបោះឆ្នោតជាច្រើនមកហើយនាពេលកន្លងមក។ ប្រទេសនេះបានធ្វើដូច្នេះ ២ដង ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដោយលើកឡើងពីការបែកបាក់នយោបាយរបស់លីបង់ ដែលបណ្តាលមកពីសង្គ្រាម នៅក្នុងប្រទេសជិតខាងស៊ីរី និងលើកទី៣ នៅឆ្នាំ២០១៧ ដោយសារតែជម្លោះ ជុំវិញច្បាប់បោះឆ្នោត៕