ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (៩ មីនា) បានព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការបញ្ឈប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈតម្លៃប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅទូទាំងពិភពលោក កំពុងកើនឡើងយ៉ាងគំហុក ស្របពេលមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់។

លោក Trump បានសរសេរបង្ហោះលើវេទិកាសង្គម Truth Social របស់លោកថា «ប្រសិនបើអ៊ីរ៉ង់ ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz ពួកគេនឹងត្រូវសហរដ្ឋអាមេរិក វាយប្រហារឱ្យកាន់តែខ្លាំងក្លាជាងការរវាយប្រហាររហូតមកដល់ពេលនេះ ដល់ទៅ ២០ដង»។ លោក Trump បានបន្ថែមថា ការទាមទាររបស់លោកគឺជា «អំណោយមួយពីសហរដ្ឋអាមេរិក ដល់ប្រទេសចិន និងប្រទេសទាំងអស់ដែលប្រើប្រាស់ច្រកសមុទ្រនេះ»។
គួរឱ្យដឹងថា ច្រកសមុទ្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះអូម៉ង់ និងអ៊ីរ៉ង់ ហើយភ្ជាប់ឈូងសមុទ្រពែក្សជាមួយឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់ គឺជាចំណុចចរាចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ជាពិសេសលើលំហូរប្រេង។ នៅឆ្នាំ ២០២៤ ការប្រើប្រាស់ប្រេងឥន្ធនៈសកលស្មើនឹងប្រហែល ២០% បានឆ្លងកាត់ច្រកនេះ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក។
ប៉ុន្តែស្របពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ និងបានគំរាមវាយប្រហារនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់។ យោងតាមគេហទំព័រតាមដានការធ្វើដំណើរនៅច្រកសមុទ្រ Hormuz បានបង្ហាញថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មាននាវាតែពីរគ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ ដែលធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនធម្មតា ៦០ គ្រឿងក្នុងមួយថ្ងៃ៕


