នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានជំរុញឱ្យសហភាពអឺរ៉ុប ផ្អាកទណ្ឌកម្មលើប្រេង និងឧស្ម័នរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ តម្លៃប្រេងបានកើនឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ខណៈអ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹកប្រឆាំងបណ្តាប្រទេសឈូងសមុទ្រដែលផលិតប្រេងឆៅ។

លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសហភាពអឺរ៉ុប បានរិះគន់ដដែលៗចំពោះទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយប្រើប្រាស់អំណាចសិទ្ធវ៉េតូ និងកាត់បន្ថយជំនួយរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន។ មេដឹកនាំជាតិនិយមហុងគ្រីរូបនេះ បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញហ្វេសប៊ុកថា «យើងត្រូវតែពិនិត្យឡើងវិញ និងផ្អាកទណ្ឌកម្មទាំងអស់ដែលបានដាក់លើវោស័យថាមពលរុស្ស៊ីនៅទូទាំងអឺរ៉ុប។ ខ្ញុំបានផ្តួចផ្តើមគំនិតនេះ នៅថ្ងៃនេះនៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen»។

លោកបានអះអាងថា ជម្លោះកាន់តែខ្លាំងឡើងរបស់ប្រទេសហុងគ្រីជាមួយប្រទេសជិតខាងអ៊ុយក្រែន ជុំវិញការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីដែលជាប់គាំងក៏បានប្រែក្លាយទៅជា «ការគំរាមកំហែងធ្ងន់ធ្ងរ» ចំពោះសហភាពអឺរ៉ុបផងដែរ។ ប្រទេសហុងគ្រី រួមជាមួយប្រទេសជិតខាងស្លូវ៉ាគី បានចោទប្រកាន់អ៊ុយក្រែនពី ចេតនាពន្យារពេលការបើកឡើងវិញពង់បង្ហូរប្រេង Druzhba បូមប្រេងរបស់រុស្ស៊ីទៅកាន់រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួនពីរ ដែលបំពង់បង្ហូរនេះត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករា។