កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចាប់ផ្តើមសមយុទ្ធសង្គ្រាម ដែលមានឈ្មោះថា «ឆ្លើយតបដោយត្រជាក់» «Cold Response» នៅលើកោះ Greenland ស្របពេលមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpក្នុងការដណ្តើមយកកោះអាកទិកមួយនេះ។

សមយុទ្ធ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ៩ មីនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៩ មីនា ត្រូវបានបង្កើតឡើងដើម្បីជំរុញសមត្ថភាពការពាររបស់កោះនេះ។កងទ័ពជិត ២៥.០០០នាក់ មកពី១៤ប្រទេស កំពុងចូលរួមក្នុងសមយុទ្ធនេះ រួមទាំងកងទ័ពចំនួន ៤.០០០នាក់ មកពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The Independent សមយុទ្ធទាំងនេះភាគច្រើនត្រូវបានធ្វើឡើងនៅប្រទេសន័រវេស និងហ្វាំងឡង់ ជាប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ សមយុទ្ធនៅឆ្នាំនេះផ្តោតលើតួនាទីរបស់ជនស៊ីវិលក្នុងការគាំទ្រប្រតិបត្តិការយោធា។
ថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដណ្តើមយកកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក។ លោក Trump បានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខនៅពីក្រោយការទាមទាររបស់លោក ដោយបន្ថែមថា ប្រទេសដាណឺម៉ាកមិនអាចធានាសន្តិសុខរបស់កោះនេះបានគ្រប់គ្រាន់ទេ។
លោកបានបញ្ជាក់ជាថ្មីថា គ្មានអ្វីក្រៅពីការគ្រប់គ្រងទាំងស្រុង ដែលអាចទទួលយកបានសម្រាប់រូបលោកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាល Greenland និងដាណឺម៉ាក បានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់លោក Trump។
ថ្មីៗនេះដែរ យោធាសហរដ្ឋអាមេរិកក៏បានដកកងអនុសេនាធំយន្តហោះចម្បាំង F-35 មួយកងចេញពីសមយុទ្ធ Cold Response ដោយមិនចែករំលែកហេតុផលជាក់លាក់នៅពីក្រោយសកម្មភាពនេះទេ៕

