សមាជិកមកពីគណបក្សប្រជាធិបតេយ្យចំនួន ៦ រូប នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៩ មីនា) បាននិយាយថា ពួកគេកំពុងចាប់ផ្ដើមយុទ្ធនាការដ៏ធំមួយ ដើម្បីទាមទារឱ្យមានសវនាការជាសាធារណៈស្ដីពីសង្គ្រាមអ៊ីរ៉ង់ ដោយតម្រូវឱ្យក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី Donald Trump ចូលផ្ដល់សក្ខីកម្មក្នុងសភានៅក្រោមសម្បថ និងព្រមានចាត់វិធានការរំខានដល់កិច្ចការងារប្រចាំថ្ងៃរបស់ព្រឹទ្ធសភា ប្រសិនបើគណបក្សសាធារណរដ្ឋ រារាំងមិនឱ្យមានសវនាការបែបនេះ។

សមាជិកព្រឹទ្ធសភាទាំងនោះបានបញ្ជាក់ថា គោលដៅរបស់ពួកគេគឺដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឱ្យបានឆាប់ និងការពារកងទ័ពអាមេរិក ដែលបានមើលឃើញការស្លាប់មួយចំនួនរួចទៅហើយ។ លោក Chris Murphy ព្រឹទ្ធសមាជិកមកពីរដ្ឋ Connecticut បាននិយាយថា សវនាការបែបនេះគួរតែធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយមានការចូលរួមផ្ដល់សក្ខីកម្មពីលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិស្ដីទីផងដែរ។
កន្លងមក ក្រុមមន្ត្រីរដ្ឋបាលបានរៀបចំកិច្ចប្រជុំបិទទ្វារ និងការរាយការណ៍ព័ត៌មានសម្ងាត់ជូនដល់សភាទាំងពីរ។ ប៉ុន្តែសមាជិកបក្សប្រជាធិបតេយ្យអះអាងថា សាធារណជនអាមេរិក ចាំបាច់ត្រូវតែដឹងឮពីក្រុមមន្រ្តីដោយផ្ទាល់ អំពីរយៈពេលដែលអាចអូសបន្លាយនៃសង្គ្រាម គោលដៅជាក់លាក់របស់លោក Trump ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដែលតម្រូវឱ្យមានសវនាការជាសាធារណៈ។
ខណៈសង្រ្គាមនៅតែបន្ត លទ្ធផលនៃការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងពីសាធារណជនអាមេរិក ចំពោះសង្គ្រាមនេះ។ ការស្ទង់មតិបានរកឃើញថា ប្រជាជនអាមេរិកចំនួន ៦០% រំពឹងថា សកម្មភាពយោធារបស់អាមេរិក នឹងបន្ត «ក្នុងរយៈពេលដ៏យូរ» ដែលបណ្តាលឱ្យតម្លៃសាំងឡើងខ្ពស់ ហើយមានអ្នកឆ្លើយតបនឹងការស្ទង់មតិតែ ២៩% ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហារនេះ៕


