ប្រភពចំនួនបីដែលដឹងផ្ទាល់ពីការចរចានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចចរចាដើម្បីជំរុញផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា បានផ្អាកតាំងតែពីសប្តាហ៍មុនមក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យមានសង្រ្គាមកាន់តែរីកធំនៅមជ្ឈិមបូព៌ា។

ការផ្អាកនេះបានគំរាមកំហែងឱ្យមានភាពជាប់គាំងនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិភាពមជ្ឈិមបូព៌ាដ៏សំខាន់របស់លោក Trump ដែលលោកចាត់ទុកថា ជាគោលដៅគោលនយោបាយការបរទេសដ៏ចម្បងមួយ។ ភាពរអាក់រអួលនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីលោកទទួលបានការសន្យាផ្តល់ថវិការាប់ពាន់លានដុល្លារសម្រាប់តំបន់ហ្កាហ្សា ពីបណ្ដារដ្ឋអារ៉ាប់ឈូងសមុទ្រ ដែលកំពុងប្រឈមនឹងការវាយប្រហារពីអ៊ីរ៉ង់។
ផ្នែកដ៏សំខាន់មួយនៃផែនការហ្កាហ្សារបស់លោក Trump ផ្អែកទៅលើថា តើក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងរំសាយអាវុធដើម្បីជាថ្នូរនឹងការលើកលែងទោសដែរឬទេ ដែលជាជំហានមួយក្នុងបំណងបើកផ្លូវសម្រាប់ការកសាងឡើងវិញ និងការដកទ័ពអ៊ីស្រាអែលបន្ថែមទៀត។ ប្រភពបាននិយាយថា អ្នកសម្របសម្រួលរបស់សេតវិមាន បាននិងកំពុងទាក់ទងតាមរយៈបណ្តាញសម្ងាត់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លើបញ្ហានៃការរំសាយអាវុធនេះ។
ប្រភពទាំងបីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចចរចាលើបញ្ហានេះ និងបញ្ហាផ្សេងទៀត ត្រូវបានផ្អាក នៅពេលសង្រ្គាមអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែមន្ត្រីសេតវិមានមួយរូបបានបដិសេធថា ពុំមានការផ្អាកណាមួយក្នុងការចរចានោះទេ ដោយនិយាយថា៖ «ការពិភាក្សាលើការរំសាយអាវុធកំពុងបន្ត និងមានសញ្ញាវិជ្ជមាន ហើយអ្នកសម្របសម្រួលទាំងអស់យល់ស្របថា នេះគឺជាជំហានដ៏សំខាន់មួយដើម្បីអនុញ្ញាតឱ្យមានការកសាងឡើងវិញសម្រាប់ប្រជាជនហ្កាហ្សា»៕

