ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល និងការរៀបចំសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជន ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការសិក្សានៅទីនេះ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអេពីដេមីសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអាហារូបត្ថម្ភ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមនី្ទរពេទ្យ ដល់និសិ្សតដែលបញ្ចប់ការិក្សា សរុបចំនួន៤១រូប, នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ។
ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានបង្កើតវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង លើការងារមនី្ទរពិសោធន៍ ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងការស្រាវជ្រាវ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានឧត្តមសិក្សាដោយបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយគុណភាព ដើម្បីរួមចំណែកបង្កើនធនធានមនុស្សផ្នែកសុខភាពសាធារណៈនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ការបង្កើនធនធានមនុស្សក្នុងជំនាញសុខភាពសាធារណៈនេះ គឺជាយុទ្ធសាស្រ្តរយៈពេលវែងមួយរបស់ក្រសួង សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាពដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើគុណភាពនៃសេវា និងការផ្តល់សេវាប្រកបដោយសមធម៌៕អត្ថបទ៖ រដ្ឋា