សហរដ្ឋអាមេរិក បានកំណត់អង្គការ ស៊ូដង់ Muslim Brotherhood ជាក្រុម «ភេរវករ» ខណៈរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ពង្រីកការបង្ក្រាបរបស់ខ្លួនលើអង្គការនេះ។

ក្រសួងការបរទេសបានចោទប្រកាន់អង្គការស៊ូដង់ Muslim Brotherhood កាលពីថ្ងៃចន្ទថា ទទួលបានការគាំទ្រពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ (IRGC)។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ស្លាកក្រុមនេះថាជា «ភេរវករសកលដែលត្រូវបានចាត់តាំងជាពិសេស» (SDGT) និងបាននិយាយថាខ្លួននឹងកំណត់អង្គការនេះថាជា «អង្គការភេរវកម្មបរទេស» (FTO) ចាប់ពីសប្តាហ៍ក្រោយនេះ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «អង្គការស៊ូដង់ Muslim Brotherhood ប្រើអំពើហិង្សាដោយគ្មានការទប់ស្កាត់ប្រឆាំងនឹងជនស៊ីវិល ដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ូដង់ និងជំរុញមនោគមវិជ្ជាអ៊ីស្លាមដ៏ហិង្សារបស់ខ្លួន»។

ការដាក់ក្នុងបញ្ជីខ្មៅ ក្រុមភេរវករសកលដែលត្រូវបានចាត់តាំងជាពិសេស(SDGT) អនុញ្ញាតឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខណៈស្លាក«អង្គការភេរវកម្មបរទេស» (FTO) ធ្វើឱ្យខុសច្បាប់ចំពោះការផ្តល់ការគាំទ្រសម្ភារៈដល់ក្រុមនេះ។ ក្រសួងការបរទេស បានចោទប្រកាន់អ្នកប្រយុទ្ធស៊ូដង់ Muslim Brotherhood នៅប្រទេសស៊ូដង់ជាកន្លែងដែលយោធាស៊ូដង់កំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ពីការ «សម្លាប់ជនស៊ីវិលយ៉ាងច្រើន»។ កងកម្លាំងគាំទ្ររហ័ស ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំៗ និងអ្នកគាំទ្ររបស់ខ្លួន តែងតែអះអាងថាពួកគេកំពុងប្រយុទ្ធប្រឆាំងកងកម្លាំង Muslim Brotherhood ។ កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប់រួម បានស្វាគមន៍ចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ក្រុមនេះចូលក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសស៊ូដង់។