ត្បូងឃ្មុំ៖ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេល១ខែចុងក្រោយនេះ ខេត្តត្បូងឃ្មុំ គ្មានអ្នកស្លាប់ដោយសារកូវីដ-១៩នោះឡើយ និងជាសៈស្បើយជាង ៣០០០នាក់ ក្នុងចំណោមអ្នកវិជ្ជមានជាង ៤៨០០នាក់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបន្តទៀតថា បច្ចុប្បន្នករណីឆ្លង និងស្លាប់ដោយសារមេរោគកូវីដ-១៩ មានការថយចុះ ដោយហេតុថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺក្រុមការងារគ្រូពេទ្យរបស់យើងបានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រោចស្រពទៅប្រជាពលរដ្ឋតាមសហគមន៍ និងបានចូលរួមកាត់បន្ថយអត្រានៃការស្លាប់ ដែលរហូតមកដល់រយៈពេល១ខែចុងក្រោយនេះ ខេត្តត្បូងឃ្មុំ ពុំមានអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩នោះឡើយ។
ឆ្លៀតក្នុងឱកាសនោះប្រធានមនី្ទរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា បច្ចុប្បន្ននេះខេត្តត្បូងឃ្មុំ មានមណ្ឌលព្យាបាលកូវីដ-១៩ តែមួយកន្លែងប៉ុណ្ណោះ ហើយគ្រប់មនី្ទរពេទ្យបង្អែកទាំង៧ និងមណ្ឌលសុខភាពក្នុងខេត្ត ត្រូវបើកដំណើរការជាធម្មតា ដោយចាត់ទុកអ្នកវិជ្ជមានកូវីដ១៩ ជាអ្នកជំងឺធម្មតា និងត្រូវទទួលព្យាបាលគ្រប់មនី្ទរពេទ្យផងដែរ៕