ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អឺរ៉ុបដោយមានលក្ខខណ្ឌ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz )ត្រូវផ្អាក។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយក្នុងការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ៩មីនា ដើមសប្ដាហ៍នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអតិថិជនអឺរ៉ុប ដែលភាគច្រើនបានឈប់ទិញពីប្រទេសរបស់លោក ក្នុងគោលបំណងបញ្ឈប់ការផ្តល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រសិនបើពួកគេចង់ត្រលប់ទៅរកកិច្ចសហប្រតិបត្តិការរយៈពេលវែងវិញ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុបបានចំណាយពេលបួនឆ្នាំកន្លងមកនេះ កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប និងក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំង៧ របស់ពិភពលោក ឬ ក្រុមប្រទេសG7។
សហភាពអឺរ៉ុបបានហាមប្រាមការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ ២០២២ ខណៈការនាំចេញតាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ត្រូវបានផ្អាកចាប់តាំងពីខែមករា ដោយសារតែការខូចខាតដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈអ៊ុយក្រែន។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំៗរបស់រុស្ស៊ីថា ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអតិថិជនទិញអឺរ៉ុបសម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ខ្លួនភ្លាមៗ និងផ្តល់ឱ្យពួកលោកនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព ដោយគ្មានសម្ពាធនយោបាយ នោះរុស្ស៊ី មិនដែលបដិសេធឡើយ។ ពួកលោកក៏ត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការធ្វើការជាមួយបណ្តាប្រទេសនៅអឺរ៉ុប៕


