នៅថ្ងៃអង្គារ (១០ មីនា) នេះ អ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីលើបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ខណៈខ្លួនព្យាយាមរក្សាសម្ពាធលើតំបន់មជ្ឈិមបូព៌ា ក្នុងសង្គ្រាមមួយដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងគំហុក និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។ ជាមួយគ្នានេះ កងជីវពលគាំទ្រអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ស៊ីរ៉ែនព្រមានពីការវាយប្រហារដោយមីស៊ីល បានបន្លឺឡើងទាំងព្រឹកព្រលឹមថ្ងៃអង្គារនេះ នៅបណ្ដាប្រទេសអារ៉ាប់ឈូងសមុទ្រ ដូចជានៅអាមីរ៉ាតអារ៉ាប់រួម និងនៅបារ៉ែន ខណៈអារ៉ាប៊ីសាអ៊ូឌីត និយាយថា ខ្លួនបានបំផ្លាញយានដ្រូនចំនួនពីរគ្រឿងនៅលើតំបន់ភាគខាងកើតដែលសម្បូរប្រេងរបស់ខ្លួន ហើយឆ្មាំជាតិកូវ៉ែត ក៏បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៦គ្រឿងផងដែរ។

បន្ថែមពីលើការបាញ់មីស៊ីល និងយានដ្រូនដាក់លើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ អ៊ីរ៉ង់ក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរួមផ្សំជាមួយនឹងការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំង។

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលពីមុនបាននិយាយថា សង្គ្រាមនេះអាចមានរយៈពេលប្រហែលមួយខែ ឬយូរជាងនេះ បាននិយាយជាថ្មីថា ជម្លោះនេះនឹងជាដំណើររយៈពេលខ្លីប៉ុណ្ណោះ។ ក្នុងការឆ្លើយតបដ៏ជាក់ស្តែងមួយចំពោះសុន្ទរកថារបស់លោក Trump អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា «អ៊ីរ៉ង់គឺជាអ្នកកំណត់ថា ពេលណាសង្គ្រាមនឹងបញ្ចប់»៕