ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លាន ដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ១១ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគរយ បើធៀប រយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ៩ ពាន់លានដុល្លារប៉ុណ្ណោះ) ។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំនេះ មានទំហំទឹកជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗ រួមមាន៖ ប្រទេសចិន ជិត ៣០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ២,២ ពាន់លានដុល្លារ, វៀតណាមជាង ៦២៥ លានដុល្លារ, ជប៉ុនជាង ៣២៨ លានដុល្លារ, ថៃជាង ១១២ លានដុល្លារ, អេស្បាញ ជាង ២០៦ លានដុល្លារ, កាណាដា ជិត ២០០ លានដុល្លារ, និងការនាំចេញទៅ កាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ, វៀតណាមជាង ៦៥១ លានដុល្លារ, ជប៉ុន ១៧៧ លានដុល្លារ, ថៃ ៣១៨ លានដុល្លារ, សឹង្ហបុរី ជាង ៣២២ លានដុល្លារ, ម៉ាឡេស៊ី ជិត ២០០ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
