ក្រសួងការពារជាតិទួរគី បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ដែលបានបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មីស៊ីលបាលីស្ទីកមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី ត្រូវបានបំផ្លាញដោយប្រព័ន្ធប្រឆាំងមីស៊ីលនិង ការពារដែនអាកាសរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ កម្ទេចកម្ទីមួយចំនួនពីមីស៊ីលនោះ បានធ្លាក់ទៅលើដីទំនេរនៅក្នុងទីក្រុង Gaziantep ដោយពុំបានបង្កឲ្យមានអ្នកស្លាប់ ឬរងរបួសទេ»។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រទេសទួរគី «ផ្តល់សារៈសំខាន់យ៉ាងខ្លាំងទៅលើទំនាក់ទំនងអ្នកជិតខាងល្អ និងស្ថិរភាពក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ យើងសង្កត់ធ្ងន់ជាថ្មីថា វិធានការចាំបាច់ទាំងអស់ នឹងត្រូវធ្វើឡើងយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការស្ទាក់ស្ទើរប្រឆាំងនឹងការគំរាមកំហែងណាមួយដែលតម្រង់ទៅលើទឹកដី និងដែនអាកាសរបស់ប្រទេសយើងនោះ»៕
