ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា ស៊ីរីបាននិយាយថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់គ្រាប់កាំភ្លើងធំចូលទៅក្នុងទឹកដីរបស់ខ្លួនពីប្រទេសលីបង់ពេញមួយយប់ ស្របពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងចលនាស៊ីអ៊ីតលីបង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មន្ត្រីកងទ័ពស៊ីរី បាននិយាយថា គ្រាប់កាំភ្លើងធំដែលបាញ់ចេញពីប្រទេសលីបង់ បានធ្លាក់នៅជិតទីក្រុង Serghaya ភាគខាងលិចនៃទីក្រុងដាម៉ាស។
កងទ័ព បានចោទប្រកាន់ក្រុមហេសបូឡាថា បានកំណត់គោលដៅទីតាំងឈរជើងរបស់ទាហានស៊ីរី ដោយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ខ្លួនបានសង្កេតឃើញក្រុមហេសបូឡាបន្ថែមកម្លាំងនៅតាមព្រំដែនស៊ីរី-លីបង់។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ SANA ថា៖«កងទ័ពអារ៉ាប់ស៊ីរី នឹងមិនអត់ឱនចំពោះការឈ្លានពានណាមួយដែលកំណត់គោលដៅទៅលើប្រទេសស៊ីរីទេ»។
លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចគ្នានៅភាគខាងកើតប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅទូទាំងប្រទេសលីបង់ រួមទាំងនៅរដ្ឋធានីបេរូតផងដែរ៕
