លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ការរៀបចំកិច្ចចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែននៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប គឺមានបញ្ហាដ៏ស្មុកស្មាញ ខណៈដែលមន្ត្រីសហភាពអឺរ៉ុបព្យាយាមដាក់សម្ពាធលើអ្នកចរចា។

អ្នកការទូតរុស្ស៊ីបានត្អូញត្អែរថា៖«អឺរ៉ុបក៏កំពុងក្លាយជាបញ្ហាយ៉ាងខ្លាំងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។ យើងបានឃើញកិច្ចប្រជុំចុងក្រោយបំផុតនៅទីក្រុងហ្សឺណែវ នៅពេលដែលអឺរ៉ុបអសមត្ថភាពក្នុងការដឹកនាំ និងជ្រៀតជ្រែកក្នុងការចរចា ឬមានឥទ្ធិពលលើដំណើរការនេះ បន្ទាប់មកបានដាក់មន្ត្រីជាន់ខ្ពស់របស់ខ្លួន នៅមុខទ្វារបន្ទប់ចរចា»។ លោកបានពន្យល់ថា៖«សម្ពាធបែបនេះ មិនរួមចំណែកដល់ការឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងតម្រូវការជាក់លាក់នូវទីកន្លែងមួយសម្រាប់កិច្ចចរចានោះទេ ក្នុងនោះមានទាំងសន្តិសុខ ភស្តុភារ និងគ្មានសម្ពាធ»។
ទាក់ទងនឹងការរៀបចំកិច្ចចរចា លោក Miroshnik បានបន្តថា កិច្ចចរចាទាំងនោះ គួរតែត្រូវបានធ្វើឡើងជាចម្បង នៅពីក្រោយទ្វារបិទជិត ដើម្បីការពារអ្នកចរចាពីសម្ពាធខាងក្រៅណាមួយ។ លោកបានសម្តែងការសោកស្តាយថា «មានមនុស្សច្រើនពេកដែលចង់មានឥទ្ធិពលលើការចរចាដល់កម្រិត ដែលពួកគេមិនអាចបន្តបាន»៕
