យោងតាមប្រភពជាច្រើន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាពីការបន្ធូរបន្ថយទណ្ឌកម្មប្រេង លើប្រទេសរុស្ស៊ី ព្រមទាំងប្រទេសផ្សេងទៀត និងការបញ្ចេញស្តុកប្រេងឆៅបន្ទាន់ ជាផ្នែកមួយនៃជម្រើសជាច្រើនដែលមានគោលបំណងទប់ស្កាត់ការហក់ឡើងនូវតម្លៃប្រេងសកល ក្នុងអំឡុងពេលមានជម្លោះ ជាមួយអ៊ីរ៉ង់។
ការពិភាក្សាយ៉ាងម៉ត់ចត់ទាំងនេះ ឆ្លុះបញ្ចាំងពីក្ដីបារម្ភរបស់សេតវិមាន ដែលថា តម្លៃប្រេងឡើងខ្ពស់បន្ទាប់ពីមានការវាយប្រហារជាងមួយសប្តាហ៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ជាពេលដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump សង្ឃឹមថា នឹងរក្សាបាននូវការគ្រប់គ្រង នៅសភា។

នៅរដ្ឋ Florida កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលរបស់លោក កំពុងដកទណ្ឌកម្មលើប្រទេសមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យទីផ្សារប្រេងមានស្ថិរភាព ប៉ុន្តែបានបដិសេធមិនផ្តល់សេចក្ដីលម្អិត។ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖ «យើងមានទណ្ឌកម្មលើប្រទេសមួយចំនួន។ យើងនឹងដកទណ្ឌកម្មទាំងនោះ រហូតដល់ច្រកសមុទ្រត្រូវបានបើកចំហឡើងវិញ»។
ការសម្រេចសម្រាលទណ្ឌកម្មលើរុស្ស៊ី អាចជួយជំរុញដល់ការផ្គត់ផ្គង់ប្រេងពិភពលោក នៅពេលដែលមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូន នៅតំបន់មជ្ឈិមបូព៌ា ដោយសារជម្លោះនៅអ៊ីរ៉ង់ដែលកាន់តែរាលដាល។ ប៉ុន្តែវាក៏អាចធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ប្រាក់ចំណូលរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន៕

