សមាជិកសភាសាធារណរដ្ឋ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រប្រចាំឆ្នាំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ដោយមានបញ្ហាបន្ទាន់មួយធំជាង នៅក្នុងរបៀបវារៈ ដែលនោះគឺ វិធីការពារសង្គ្រាមអ៊ីរ៉ង់កុំឲ្យក្លាយជាការប៉ះពាល់ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
កិច្ចប្រជុំប្រចាំឆ្នាំដែលបានគ្រោងទុកយូរហើយ និងដែលបានរៀបចំនៅក្លឹបវាយកូនហ្គោលរបស់លោក Trump នៅទីក្រុង Miami ចាប់ផ្តើមឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោកបានបញ្ជាឲ្យមានការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលជំរុញឲ្យមានការវាយប្រហារសងសឹកវិញ នៅទូទាំងមជ្ឈិមបូព៌ា និងបង្កឲ្យមានផលប៉ះពាល់ នៅជុំវិញពិភពលោក។

ខណៈពេលដែលតម្លៃប្រេងឆៅហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេលច្រើនឆ្នាំ ដោយតម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកក៏ឡើងដូចគ្នាដែរ គណបក្សសាធារណរដ្ឋប្រឈមនឹងផលប៉ះពាល់ផ្នែកនយោបាយដែលអាចកើតមាន ពោលគឺត្រឹមតែ ៨ខែប៉ុណ្ណោះ មុនការបោះឆ្នោតខែវិច្ឆិកា។ ការបាត់បង់ការគ្រប់គ្រងដ៏ស្ដួចស្ដើងនៅសភា ក៏អាចប៉ះពាល់រយៈពេល ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក Trump ផងដែរ។
ជម្លោះអ៊ីរ៉ង់បែបបើកចំហថ្មីនេះ បានធ្វើឲ្យមានការខ្វែងគំនិតគ្នារួចហើយនៅក្នុងចំណោមអ្នកគាំទ្រលោកប្រធានាធិបតី បន្ទាប់ពីមហាសេដ្ឋីជំនួញវ័យ ៧៩ឆ្នាំរូបនេះ បានធ្វើយុទ្ធនាការបញ្ចប់សង្គ្រាមនៅក្រៅប្រទេស។
លោកសាស្ត្រាចារ្យ Todd Belt ដែលជាអ្នកជំនាញផ្នែកគ្រប់គ្រងនយោបាយ នៅសាកលវិទ្យាល័យ George Washington បានប្រាប់សារព័ត៌មាន AFP ថា៖ «ជាធម្មតា គោលនយោបាយការបរទេសមិនដើរតួនាទីសំខាន់ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ ប្រសិនបើមិនមានទំនាក់ទំនងផ្ទាល់ទៅនឹងរបៀបដែលវាធ្វើឲ្យជីវិតមនុស្សកាន់តែពិបាកទៅៗនោះទេ»។
លោកសាស្ត្រាចារ្យរូបនេះ បានព្រមានថា ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតម្លៃប្រេងដែលកំពុងហក់ឡើង អាចអូសបន្លាយរហូតដល់ថ្ងៃបោះឆ្នោត និងបន្ថែមផលវិបាកដែលគណបក្សរបស់ប្រធានាធិបតី ត្រូវប្រឈមអំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ៕


