នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើង ១ភាគ៥ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ ដែលជាកម្រិតលើសពីការព្យាករយ៉ាងខ្ពស់ ទោះបីជាមានការធ្លាក់ចុះនូវការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកក៏ដោយ។
តួលេខផ្លូវការ សម្រាប់រយៈពេល ២ខែដំបូងនៃឆ្នាំនេះ ដែលជាធម្មតាត្រូវបានបញ្ចូលគ្នា ដើម្បីរាប់បញ្ចូលការប្រែប្រួលចេញពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនដែលកើតឡើងក្នុងពេលវេលាខុសៗគ្នា បានបង្ហាញការចាប់ផ្តើមដ៏រឹងមាំ នៅឆ្នាំ២០២៦ មុនពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា។

អគ្គរដ្ឋបាលគយ បានឲ្យដឹងថា ការនាំចេញក្នុងរយៈពេលនេះ បានកើនឡើង ២១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដោយលើសពីការព្យាករ ៧,២ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg ចំពោះសេដ្ឋវិទូ។ ជាមួយគ្នានេះ ការនាំចូលបានកើនឡើង ១៩,៨ភាគរយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ ៧ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។
ការកើនឡើងនូវការនាំចូល បានកើតឡើងបន្ទាប់ពីមានទិន្នន័យផ្លូវការ កាលពីថ្ងៃចន្ទ ដែលបង្ហាញថា តម្លៃទំនិញប្រើប្រាស់ហក់ឡើងក្នុងល្បឿនដ៏លឿនបំផុតជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ។ តែការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១១ភាគរយ ខណៈដែលជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោននៅតែបន្តមាន ហើយប្រធានាធិបតី Donald Trump បានជំរុញយុទ្ធនាការដំឡើងពន្ធរបស់លោក។
តួលេខបានបង្ហាញថា ការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក មានចំនួនសរុប ៦៧,២៤ពាន់លានដុល្លារ ពីខែមករា ដល់ខែកុម្ភៈ ធៀបនឹង ៧៥,៥៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង ២៧,៨ភាគរយ ខណៈដែលការនាំចេញទៅកាន់អាស៊ាន បានកើនឡើង ២៩,២ភាគរយ៕


