ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមិនអាចបញ្ឈប់កងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង មិនឲ្យយកអាវុធមួយចំនួនទៅដាក់ពង្រាយឡើងវិញបានទេ បន្ទាប់ពីមានរបាយការណ៍ថា ប្រព័ន្ធការពារមីស៊ីល Patriot ខ្លះៗរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា។
លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «វាហាក់ដូចជាមានភាពចម្រូងចម្រាសថ្មីៗនេះ អំពីកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងដែលដឹកជញ្ជូនអាវុធមួយចំនួន ដូចជាកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ចេញពីប្រទេស» ដោយលោកបានកត់សម្គាល់ថា បើទោះបីជាទីក្រុងសេអ៊ូល បានបង្ហាញការជំទាស់ក៏ដោយ ក៏ខ្លួនមិនមានសិទ្ធិទាមទារបែបនោះឡើយ។

ជាមួយគ្នានេះ លោក Lee ក៏បានបញ្ជាក់ផងដែរថា ការដកអាវុធអាមេរិកមួយចំនួនចេញពីប្រទេស «មិនប៉ះពាល់ដល់យុទ្ធសាស្ត្រការពារ ទល់នឹងកូរ៉េខាងជើងឡើយ» ដោយបានកត់សម្គាល់ថា ការចំណាយលើការការពារជាតិ និងសមត្ថភាពធម្មតារបស់កូរ៉េខាងត្បូងលើសពីកម្រិតស្មើគ្នា នៅកូរ៉េខាងជើង។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយកាលពីថ្ងៃទី៦ ខែមីនាថា យោធាអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា៕

