ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានលើកឡើងថា ការផ្លាស់ប្តូរ «ស៊ីជម្រៅ» ចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ មិនអាចកើតឡើង «តាមរយៈការទម្លាក់គ្រាប់បែករបស់អាមេរិក-អ៊ីស្រាអែលតែម៉្យាង» នោះទេ ខណៈដែលបន្ថែមថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា អាចបន្តរយៈពេល «ជាច្រើនសប្តាហ៍»។
នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង ដែលកំពុងឈរជើងនៅសមុទ្រមេឌីទែរ៉ាណេ លោក Macron បាននិយាយថា៖ «ខ្ញុំមិនគិតថា អ្នកអាចសម្រេចបាននូវការផ្លាស់ប្តូររបបស៊ីជម្រៅ ឬការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធនយោបាយតាមរយៈការទម្លាក់គ្រាប់បែកតែម៉្យាងនោះទេ»។

លោក Macron បានបន្តថា សង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ «ក្នុងដំណាក់កាលដ៏ខ្លាំងក្លានេះ» អាចមានរយៈពេល «ជាច្រើនថ្ងៃ ឬប្រហែលជាច្រើនសប្តាហ៍»។ លោកបានបន្ថែមថា ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា បានចូលដល់សប្តាហ៍ទី២ ហើយ ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ជាយុទ្ធសាស្ត្រឡើងវិញ។
ឧទ្ធម្ភាគចក្ររបស់មេដឹកនាំបារាំងបានចុះចតនៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ដែលត្រូវបានបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កជាសង្គ្រាម ដែលបានបង្កើតឲ្យមានភាពវឹកវរ នៅតំបន់មជ្ឈិមបូព៌ា និងគំរាមកំហែងរីករាលដាលដល់តំបន់ផ្សេងទៀត៕

