ក្រុមប្រឹក្សារួមទាំងមន្ត្រីនៃរដ្ឋបាលឃុំស្វាយខ្សាច់ភ្នំ បន្តប្តេជ្ញាចិត្តបំរើសេវានិងកសាងអភិវឌ្ឍន៍នៅមូលដ្ឋានខ្លួនឲ្យកាន់តែរីកចម្រើន និងល្អប្រសើរបន្ថែមទៀត។
លោក អ៊ាន គឹមសាន មេឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ បានបញ្ជាក់ប្រាប់ ក្នុងអាណត្តិលោកកាន់តំណែងជាមេឃុំនៅក្នុងមូលដ្ឋានឃុំស្វាយខ្សាច់ភ្នំ នៃស្រុកស្រីសន្ធរ បានកសាងហេដ្ឋរចនាស័ម្ពន្ធនានាជាច្រើន ដូចផ្លូវថ្នល់ ប្រព័ន្ធលូ និងស្តារឡើងវិញនូវប្រព័ន្ធធារាស្ត្រដើម្បីស្រោចស្របផលដំណាំរបស់ប្រជាកសិករធ្វើរបរដាំបន្លែ។ លោកមេឃុំរូបនេះបន្តថា ស្របពេលជាមួយនឹងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានេះជាគោលការណ៍អភិវឌ្ឍន៍នៅមូលដ្ឋានឃុំស្វាយខ្សាច់ភ្នំ គឺមានប្រភពបានមកពីថវិកាមូលនិធិឃុំសង្កាត់ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតបានមកពីការចូលរួមពីសប្បុរសជននានា សម្រាប់ការអភិវឌ្ឍន៍លើគម្រោងស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តតាមភូមិ។
ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋដែលមកទទួលសេវានៅសាលាឃុំស្វាយខ្សាច់ភ្នំ បានបង្ហាញការគាំទ្រចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរឃុំ និងមន្ត្រីនៅសាលាឃុំ ដែលខិតខំប្រឹងប្រែងបំរេីសេវាដោយភាពទទួលខុសត្រូវនិងមានទំនុកចិត្តលឿនរហ័ស ដោយឥរិយាបថល្អប្រសើរទៀត។
លោក អ៊ាន គឹមសាន មេឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំពីថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក និងជាពិសេសនោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋលើការកាត់បន្ថយភាពក្រីក្រ និងធ្វើយ៉ាងណាសម្រួលដល់ការលំបាកតាមគ្រួសារឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕ ដោយ ៖ ថុង សីហា



