អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា ប្រទេសជាច្រើន រួមមានទាំងចិន រុស្ស៊ី និងបារាំងផងដែរ បានទាក់ទងទីក្រុងតេអេរ៉ង់ ពាក់ព័ន្ធនឹងលទ្ធភាពដែលអាចមានបទឈប់បាញ់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានឲ្យដឹងថា លោក Gharibabadi បាននិយាយថា៖ «លក្ខខណ្ឌដំបូងរបស់យើងសម្រាប់បទឈប់បាញ់ គឺថា ការឈ្លានពានមិនត្រូវកើតឡើងម្តងទៀតទេ»។
គួរបញ្ជាក់ថា ការកើនឡើងនូវភាពតានតឹងក្នុងតំបន់ បានឡើងកម្ដៅកាន់តែខ្លាំងទៅ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយបើយោងតាមអាជ្ញាធរអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សជាង ១.២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់។
អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រ ដែលជាទីតាំងនៃគ្រឿងយុទ្ធោបករណ៍របស់អាមេរិក៕
