ភោជនីយដ្ឋាន Vidyarthi Bhavan ដែលជាភោជនីយដ្ឋានជាប់ឈ្មោះជាប្រវត្តិសាស្រ្តនៅទីក្រុង Bengaluru សម្រាប់មុខម្ហូបអាហារពេសលព្រឹកដ៏ល្បីល្បាញ Masala Dosas ចាប់តាំងពីឆ្នាំ ១៩៤៣រហូតមកនោះ ប្រឈមនឹងការបិទធុរកិច្ចរបស់ខ្លួន ក្រោយជួបកង្វះខាតឧស្ម័នធម្មជាតិរាវ(LPG)ធ្ងន់ធ្ងរ ស្របពេលវិស័យចំណីអាហារ និងភេសជ្ជៈនៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានរំខានដោយសារវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ ។
លោក Arun Adiga គឺជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Vidyarthi Bhavan និយាយថា ពួកយើងបានទទួចសុំឲ្យមានជំនួយ និងដំណោះស្រាយ ដើម្បីកុំឲ្យពួកយើងបិទប្រតិបត្តិការរបស់ពួកយើង ។
លោកថា ការផ្គត់ផ្គង់ធុងហ្គាស គឺជាសរសៃរឈាម ឬជាឆ្អឹងខ្នងដ៏សំខាន់របស់ពួកយើង នៅក្នុងឧស្សាហកម្មចំណីអាហារ និងភេរសជ្ជៈ ពីព្រោះថា ពួកយើងពឹងផ្អែកលើធុងហ្គាស សម្រាប់ការចម្អិនចំណីអាហាររបស់ពួកយើង ។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលឥណ្ឌា បានណែនាំឲ្យមានវិធានការបន្ទាន់ ដើម្បីផ្លាស់ប្តូរទិសដៅផ្គត់ផ្គង់ហ្គាស ពីវិស័យមិនមានអាទិភាព ទៅដល់អ្នកប្រើប្រាស់ចាំបាច់ ក្រោយការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវឆ្លងកាត់ច្រកសមុទ្រ Hormuz ។

ឥណ្ឌាដែលបំពេញតម្រូវការពាក់កណ្តាលឧស្ម័នប្រចាំថ្ងៃរបស់ខ្លួនចំនួន ១៩៥លានម៉ែត្រគូបពីការនាំចូលនោះ ពីមុនធ្លាប់ទទួលបានឧស្ម័ន ៦០លានម៉ែត្រគូប ពីតំបន់មជ្ឈិមបូព៌ា ។ ការផ្គត់ផ្គង់ត្រូវបានអាក់ខាន បន្ទាប់ពីការបិទច្រកសមុទ្រ និងការប្រកាសការផ្អាកផលិតឧស្ម័នធម្មជាតិរាវរបស់កាតា ។
សេច្តីជូនដំណឹងរដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ថា ក្រោមគោលការណ៍ថ្មី ហ្គាសនឹងត្រូវចែកចាយដល់វិស័យអាទិភាពផ្អែកលើការប្រើប្រាស់មធ្យមរបស់ពួកគេក្នុងរយៈពេល ៦ខែកន្លងមកនេះ និងអាស្រ័យលើភាពអាចរកបានរបស់ហ្គាស ៕
