ក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅប្រទេសលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ជិត ៥០០នាក់ហើយ ខណៈមានអ្នករបួសយ៉ាងតិច ១.៣១៣នាក់ គិតចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងកាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា អ្នកស្លាប់ និងរបួស ត្រូវបានកត់ត្រា ចាប់ពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២ ខែមីនា រហូតដល់រសៀលថ្ងៃចន្ទ ទី៩ ខែមីនា។ ក្រសួងបានបញ្ជាក់ថា៖ «ចំនួនអ្នកស្លាប់ដោយសារការឈ្លានពានរបស់អ៊ីស្រាអែល ចាប់ពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២ ខែមីនា រហូតដល់រសៀលថ្ងៃចន្ទ ទី៩ ខែមីនា បានកើនឡើងដល់យ៉ាងហោចណាស់ ៤៨៦នាក់ ខណៈអ្នករងរបួស គឺ ១.៣១៣ នាក់»។
នៅមុននេះ ក្រសួងបានរាយការណ៍ពីការស្លាប់ចំនួន ៣៩៤នាក់ ដោយតួលេខចុងក្រោយបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃអ្នកស្លាប់ និងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលមានសភាពកាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថា ជម្លោះដ៏តានតឹង រវាងអ៊ីស្រាអែល និងហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ នៅប្រទេសលីបង់ បានកើនឡើងខ្លាំងយ៉ាងឆាប់រហ័ស នៅថ្ងៃទី២ ខែមីនា បន្ទាប់ពីក្រុមហេសបូឡាបានចាប់ផ្តើមបាញ់រ៉ូកែតទៅកាន់អ៊ីស្រាអែល។ ក្រុមនេះបានផ្ដល់ហេតុផលថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកើតឡើងដំណាលគ្នានឹងថ្ងៃដំបូងនៃការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕


