លោក Janiv Shah អនុប្រធានទីផ្សារប្រេងនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថាជម្លោះនៅមជ្ឈិមបូព៌ា ជំរុញឲ្យប្រទេសលោកខាងលិចពិចារណាពីលទ្ធភាពនៃការទិញប្រេងរបស់រុស្ស៊ី។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មាន TASS ថា៖«ទីផ្សារកំពុងតស៊ូជាមួយនឹងការផ្គត់ផ្គង់ជាក់ស្តែង ដែលត្រូវបានបិទដោយការវាយប្រហារដោយយានដ្រូន ខណៈដែលក្រុមហ៊ុនផលិតនៅមជ្ឈិមបូព៌ា កំពុងឈានដល់ចំណុចសំខាន់មួយ ដែលពួកគេត្រូវតែបិទផលិតកម្ម ដោយសារតែគ្មានកន្លែងណានៅសល់ ដើម្បីដាក់ប្រេង»។

អ្នកជំនាញរូបនេះ បានបន្ថែមថា៖«ការផ្គត់ផ្គង់របស់រុស្ស៊ី នៅតែជាលើកត្តាដែលមិនអាចទាយទុកជាមុនបាន នៅពេលដែលតម្លៃកើនឡើង ការលើកទឹកចិត្តក្នុងការបង្វែរទិសដៅប្រេងឆៅនោះតាមរយៈបណ្តាញជំនួសដូចជាប្រទេសឥណ្ឌា អាចធ្វើឲ្យលោកខាងលិចត្រូវតែតែយកចិត្តទុកដាក់ ដូចដែលបានបង្ហាញដោយការលើកលែងរយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិកថ្មីៗនេះ»។
នាពេលមុននេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យឥណ្ឌាទិញប្រេងរបស់រុស្ស៊ីដែលបានផ្ទុករួចហើយនៅលើនាវាដឹកប្រេងនៅលើសមុទ្រក្នុងរយៈពេល ៣០ថ្ងៃ។ អាជ្ញាប័ណ្ណនេះ ក៏គ្របដណ្តប់លើប្រតិបត្តិការដែលពាក់ព័ន្ធនឹងផលិតផលប្រេងកាត និងការផ្គត់ផ្គង់ប្រេងឆៅដែលត្រូវបានផ្ទុកទៅលើនាវាណាមួយ រហូតដល់ថ្ងៃទី ០៥ ខែមីនា។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយសម្ពាធលើទីផ្សារប្រេងសកល ស្របពេលមានប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕
