ឆ្មាំល្បាតឆ្នេរនិយាយថា មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់ នៅពេលទូកដឹកជនអន្តោប្រវេសន ឬជនភៀសខ្លួនមួយគ្រឿង បានបុកនាវាឆ្មាំល្បាតឆ្នេរទួរគីនៅជិតខេត្តភាគនិរតី Antalya ។
ឆ្មាំល្បាតឆ្នេរនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកល្បឿនលឿនមួយគ្រឿង ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃចន្ទ នៅជិតតំបន់ឆ្នេរស្រុក Finike ស្ថិតក្នុងខេត្ត Antalya ហើយក្រោយមកវាក៏បានបុកនាវាឆ្មាំល្បាតឆ្នេរតែម្តងទៅ ។
ពួកគេបន្តថា ជនអន្តោប្រវេសន៍ ៦នាក់ និងជនជាតិទួរគីម្នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែមនុស្ស ១៤នាក់ ត្រូវបានប្រទះឃើញស្លាប់ ហើយមនុស្ស ១៥នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្រោយពួកគេបន្តបើកទូករត់ រហូតដល់ច្រាំង ។

ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadoluរាយការណ៍ថា ទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន មិនអើពើរនឹងការអំពាវនាវហៅឲ្យឈប់ និងប៉ុនប៉ងបើករត់ក្នុងល្បឿនលឿន ដើម្បីគេចវេសពីនាវាឆ្មាំល្បាតឆ្នេរ ។
ពួកគេរាយការណ៍ទៀតថា ប្រតិបត្តិការរុករក និងជួយសង្រ្គោះ កំពុងបន្តទាំងនៅលើគោក ក្នុងទឹក និងលើដែនអាកាស ដើម្បីកំណត់ទីតាំងអ្នកអាចបាត់ខ្លួន ហើយក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេតផ្នែកតុលាការ និងរដ្ឋបាល ចំពោះឧបទ្ទេវហេតុមួយនេះ ៕
