មនុស្ស ២៣នាក់ ត្រូវបានជួយសង្រ្គោះដោយក្រុមនាវិកនៅលើឧទ្ធម្ភាគចក្រក្នុងខេត្ត Ontario ប្រទេសកាណាដា ក្រោយផ្ទាំងទឹកកកដែលពួកគេឈរលើ ដើម្បីនេសាទត្រី ត្រូវបានដាច់ចេញពីគ្នា និងធ្វើឲ្យពួកគេរសាត់អណ្តែតចូលទៅក្នុងបឹង Huron ។

នគរបាលខេត្ត Ontario និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមក្រោយខ្យល់ និងចរន្តទឹកធ្វើឲ្យផ្ទាំងទឹកករសាត់ចេញពីមាត់បឹង ស្ថិតនៅចម្ងាយប្រហែល ២គ.ម ។
ប្រតិបត្តិការជួយសង្រ្គោះនេះ មានការចូលរួមពីឧទ្ធម្ភាគចក្រ ២គ្រឿង ដែលបានធ្វើដំណើរច្រើនជើង ដើម្បីដឹកមនុស្សចេញពីផ្ទាំងទឹកកក ខណៈពេលដែលវាបន្តបាក់ជាបំណែកបន្ថែមទៀត នៅចម្ងាយប្រហែល ២០០គ.មភាគពាយ័ព្យទីក្រុង Toronto ។
សមាជិកម្នាក់របស់ក្រុមមនុស្សទាំងនេះ និយាយថា លោកយល់ឃើញថា ផ្ទាំងទឹកកដែលលោកកំពុងនេសាទត្រី បានដាច់ពីមាត់បឹង ពេលដែលលោកមើលប្រព័ន្ធ GPSរបស់លោកឃើញថាលោកកំពុងរំកិលចេញទៅឆ្ងាយ ។
ដោយឡែក សមាជិកក្រុមជួយសង្រ្គោះ បានរៀបរាប់ពីពេលវេលាតក់ស្លុត ពេលដែលមនុស្សជាច្រើននាក់ បានលិចក្នុងទឹកដោយអន្លើរ ខណៈដែលពួកគេព្យាយាមតោងផ្ទាំងទឹកកកក្រាស់ៗ ៕
