ដោយមានការភ័យខ្លាចចំពោះការផ្ទុះដែលរញ្ជួយផ្ទះរបស់ពួកគេនៅទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀត ជនជាតិអ៊ីរ៉ង់រាប់ម៉ឺននាក់ បានប្រមូលរបស់របរវេចខ្ចប់ និងចាកចេញ ដោយស្វែងរកការជ្រកកោន នៅក្នុងទីក្រុងតូចៗដាច់ស្រយាល ដើម្បីគេចពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេ រិក។

លោក Pouya Akhgari អាយុ ២២ឆ្នាំ កំពុងលាក់ខ្លួននៅក្នុងផ្ទះគ្រួសារមួយជាមួយមីង និងបងប្អូនជីដូនមួយ នៅក្នុងភូមិមួយដែលមានចម្ងាយ ២០០ គីឡូម៉ែត្រ (១២០ម៉ាយ) ពីផ្ទះរបស់ខ្លួន នៅក្នុងរដ្ឋធានីតេអេរ៉ង់។ នៅពេលដែលព្រិលធ្លាក់នៅតំបន់ជនបទភ្នំនៃខេត្ត Zanjan លោកចំណាយពេលមើលភាពយន្ត និងកម្មវិធីទូរទស្សន៍ ជារៀងរាល់ថ្ងៃ ហើយពេលខ្លះចេញទៅទីក្រុងធំដែលនៅជិតបំផុត។
ភូមិនេះ បានរួចផុតពីការវាយប្រហារ ប៉ុន្តែមិត្តភក្តិរបស់លោក Akhgari នៅទីក្រុងតេអេរ៉ង់ បានប្រាប់លោកអំពីការផ្ទុះនៅជុំវិញពួកគេ។
លោកបានប្រាប់សារព័ត៌មាន AP តាមរយៈកម្មវិធីផ្ញើសារថា៖«វាគ្រាន់តែមានអារម្មណ៍ច្របូកច្របល់ណាស់។ ខ្ញុំគិតថា សង្គ្រាមនេះ នឹងមានរយៈពេលខ្លី ប៉ុន្តែវាអូសបន្លាយពេលយូរ»។ «ប្រសិនបើវាបន្តដូចនេះ យើងនឹងអស់លុយសម្រាប់ការចាយវាយ»៕
