ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជូនជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់ ដោយនេះហាក់ដូចជាការផ្តល់នូវជំនួយសាមគ្គីភាពដល់ទីក្រុងតេអេរ៉ង់ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ ដែលបានបង្កឲ្យមានក្ដីបារម្ភថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងរាលដាលដល់តំបន់កូកាស (Caucasus)។
ទីក្រុងបាគូ ដែលជាដៃគូជិតស្និទ្ធរបស់អ៊ីស្រាអែល បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានធ្វើ «ភេរវកម្ម» បន្ទាប់ពីយានដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារអាកាសយានដ្ឋានមួយ និងផ្ទុះនៅជិតសាលារៀនមួយកន្លែង កាលពីសប្តាហ៍មុន ជាហេតុការណ៍ដែលធ្វើឲ្យមនុស្ស ៤នាក់រងរបួស នៅក្នុងដែនដី Nakhichevan របស់អាស៊ែបៃហ្សង់ ដែលមានព្រំប្រទល់ជាប់នឹងអ៊ីរ៉ង់។

ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរៀបចំវិធានការតបតវិញ ដោយដាក់ឲ្យមានការប្រុងជើងការកម្រិតខ្ពស់បំផុត ហើយអ្នកការទូតរបស់ខ្លួន ត្រូវបានដកចេញពីប្រទេសនេះ។ យោធាអ៊ីរ៉ង់បានបដិសេធមិនបានបាញ់យានដ្រូន ហើយបានចោទប្រកាន់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាស៊ែបៃហ្សង់ថា បានបង្កការញុះញង់។
ប៉ុន្តែនៅក្នុងសញ្ញាជាក់ស្តែងនៃការធូរស្រាលភាពតានតឹង ក្រសួងស្ថានភាពអាសន្នរបស់អាស៊ែបៃហ្សង់បានឲ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានដឹកជញ្ជូនអាហារ និងថ្នាំពេទ្យរាប់តោនទៅកាន់អ៊ីរ៉ង់ «បន្ទាប់ពីមានការជជែកតាមទូរស័ព្ទ កាលពីថ្ងៃទី៨ ខែមីនា រវាងប្រធានាធិបតីអាស៊ែបៃហ្សង់ និងអ៊ីរ៉ង់»។
ការិយាល័យរបស់លោក Aliyev បានឲ្យដឹងនៅមុននេះថា សមភាគីអ៊ីរ៉ង់របស់លោក គឺលោក Masoud Pezeshkian បានទូរស័ព្ទសន្ទនាជាមួយមេដឹកនាំអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ដោយសន្យាថា នឹងស៊ើបអង្កេតការវាយប្រហារដោយយានដ្រូននេះ ដែលលោកបានទទូចថា «មិនមានពាក់ព័ន្ធជាមួយអ៊ីរ៉ង់នោះឡើយ»៕

