យោធាបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកប៉ាគីស្ថាន បានចុះប្រតិបត្តិការសន្តិសុខតាមសមុទ្រ ដើម្បីការពារផ្លូវដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល ស្របពេលភាពតានតឹងក្នុងតំបន់គំរាមកំហែងដល់ផ្លូវសំខាន់ៗ ។
សារព័ត៌មាន ISPR របស់យោធាប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការ “អ្នកការពារសមុទ្រ” មានគោលដៅការពារខ្សែទំនាក់ទំនងនៅក្នុងសមុទ្រ ហើយនិងធានាពាណិជ្ជកម្មសមុទ្រមិនឲ្យអាក់ខាន ក៏ដូចជាការផ្គត់ផ្គង់ថាមពលជាតិ ។ ពួកគេពុំបានបរិយាយអ្វីជាខ្សែទំនាក់ទំនងសមុទ្រនោះទេ ។

នៅក្នុងរូបភាពវីដេអូឃ្លីបដែលបញ្ចេញដោយសារព័ត៌មាន ISPR ឃើញនាវាកងទ័ពជើងទឹក អមដំណើរនាវាដឹកប្រេង MV Shalamar និងនាវាដឹកប្រេង MV Sargodha នៅក្នុងសមុទ្រ ។
ទិន្នន័យពីគេហទំព័រតាមដានផ្លូវដឹកជញ្ជូន Shiptracking ឃើញនាវាដឹងប្រេង MV Shalamar ស្ថិតនៅក្នុងឈូងសមុទ្រអូម៉ង់ នៅជិតកំពង់ផែ Fujairah កាលពីថ្ងៃទី ៩ ខែមីនា ហើយនាវាដឹកប្រេង MV Sargodha ចូលចតនៅកំពង់ផែក្រុងការ៉ាឈី កាលពីថ្ងៃទី ៩ ខែមីនា ដោយធ្វើដំណើរចេញពីឈូងសមុទ្រអូម៉ង់ ។
សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បង្កក្តីបារម្ភដល់សុវត្ថិភាពផ្លូវសមុទ្រ ហើយនិងហានិភ័យនៃការអាក់ខានចំពោះការដឹកជញ្ជូនថាមពលសកលលោកកាត់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃរឈាមដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ប្រេងសកលលោក រួមទាំងទៅកាន់អាស៊ីខាងត្បូងផងដែរ ៕
