ប្រជាពលរដ្ឋហ្កាហ្សា បានបង្ហាញពីអារម្មណ៍ត្រូវបានគេបោះបង់ចោល ស្របពេលចំណាប់អារម្មណ៍អន្តរជាតិ បានផ្លាស់ប្តូរ ចាប់តាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមគ្នាវាយប្រហារអ៊ីរ៉ង់ បង្កឲ្យមានសង្រ្គាមតំបន់មជ្ឈិមបូព៌ា ។
អ្នកស្រី Um Haitham Sobh គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយពីសំពត់តង់របស់គាត់នៅក្នុងទីក្រុងហ្កាហ្សាថា ពួកយើងពិតជាបានសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពនឹងសាងសង់ផ្ទះរបស់ពួកយើងឡើងវិញ ដូច្នេះហើយ ពួកយើងអាចវិលត្រឡប់ទៅផ្ទះរបស់ពួកយើងវិញបាន ប៉ុន្តែក្រោយផែនការមួយនេះ បញ្ឈប់ ឭថាផ្អាកបែបនេះ តើអ្នកណាទៅ នឹងសាងសង់ផ្ទះសម្បែង សម្រាប់ពួកយើងនោះ?
កិច្ចពិភាក្សាដើម្បីជំរុញផែនការរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្រ្គាម ហ្គាហ្សា បានផ្អាក ចាប់តាំងពីសប្តាហ៍មុនរហូតមក ។
ការផ្អាកនេះ បានគំរាមកំហែងដល់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិភាពតំបន់មជ្ឈិមបូព៌ារបស់លោក Trump ដែលលោកចាត់ទុកថាជាគោលដៅគោលនយោបាយបរទេសសំខាន់របស់លោក ។
វាបានកើតមានឡើងរយៈពេលតិចជាង ១ខែប៉ុណ្ណោះ ក្រោយលោកទទួលបានការសន្យាប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ហា្កហ្សាពីបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ គឺជាប្រទេសដែលបច្ចុប្បន្នប្រឈមនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ស្របពេលដែលជម្លោះរីកកាន់តែធំ ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីមួយរូបរបស់សេតវិមាន ច្រានចោលថា គ្មានការផ្អាកកិច្ចពិភាក្សានោះទេ ដោយលោកនិយាយថា ការជជែកគ្នាលើការរំសាយអាវុធ កំពុងធ្វើឡើង និងទទួលបានលទ្ធផលវិជ្ជមាន ។ លោកថា អ្នកសម្របសម្រួលទាំងអស់ឯកភាពគ្នាថា នេះគឺជាជំហានដ៏សំខាន់ ដើម្បីជំរុញការកសាងឡើវងវិញសម្រាប់ប្រជាជននៅហ្កាហ្សា ៕