រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ចុះបញ្ចូលដៃគូអឺរ៉ុបជាច្រើនឲ្យរួមគ្នាផ្តល់មីស៊ីលមានប្រព័ន្ធនាំផ្លូវ PAC-3 ប្រហែល ៣០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot របស់អ៊ុយក្រែន ដើម្បីធ្វើឲ្យប្រសើរឡើងដល់ស្តុកអាវុធដែលកំពុងធ្លាក់ចុះ។
ដោយសុំនិយាយដោយមិនបញ្ចេញឈ្មោះ ដោយសារកិច្ចពិភាក្សានេះជារឿងសម្ងាត់ បុគ្គលដែលដឹងពីផែនការនេះបានឲ្យដឹងថា រួមជាមួយនឹងឈុតបន្ថែមចំនួន ៥ ពីកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ មីស៊ីលស្ទាក់ចាប់ប្រហែល ៣៥គ្រាប់ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រសួងការពារជាតិអាល្លឺម៉ង់មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងផែនការនេះ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយទស្សនាវដ្តី Der Spiegel។ ការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែ។
ក្នុងពេលជាមួយគ្នានេះ មន្ត្រីអឺរ៉ុបមានក្ដីបារម្ភ ដែលថា បរិមាណគ្រាប់រំសេវច្រើន ដែលត្រូវបានប្រើប្រាស់នៅសហរដ្ឋអាមេរិក និងការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ អាចមានផលប៉ះពាល់ដល់ស្តុកអាវុធរបស់អាមេរិក និងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឲ្យរដ្ឋាភិបាល នៅទីក្រុងគីវ។
សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នៅក្នុងតំបន់ឈូងសមុទ្រ ទំនងជាបានប្រើប្រាស់មីស៊ីលស្ទាក់ចាប់ PAC-3 ជាង ១.០០០គ្រាប់ ចាប់តាំងពីយុទ្ធនាការផ្លូវអាកាស លើអ៊ីរ៉ង់ បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ដែលធ្វើឲ្យមានការលំបាកដល់ការផ្គត់ផ្គង់ និងបង្កើតបានជាសំណួរអំពីថា តើអាចមានការបញ្ជូនបន្ថែមទៀតទៅកាន់អ៊ុយក្រែនបានដែរ ឬទេ។
លោក Pistorius បានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីខែកុម្ភៈថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់មីស៊ីល PAC-3 ចំនួន ៥គ្រាប់ពីស្តុករបស់យោធា Bundeswehr ទៅអ៊ុយក្រែន ប្រសិនបើប្រទេសដទៃទៀត រួមគ្នាផ្គត់ផ្គង់មីស៊ីលបន្ថែមឲ្យបានចំនួន ៣០គ្រាប់៕