ក្រសួងប្រេងអេហ្ស៊ីបនិយាយថា អេហ្ស៊ីបដំឡើងថ្លៃប្រេងឥន្ធនៈជាច្រើនប្រភេទនៅថ្ងៃអង្គារនេះ ស្របពេលដែលតំបន់បន្តរងផលប៉ះពាល់ដោយសារការកើនឡើងតម្លៃប្រេង និងឧស្ម័នសកល ហើយនិងការអាក់ខានទិន្នផលនៅមជ្ឈិមបូព៌ា ដោយសារសង្រ្គាមសហដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តនេះ បានធ្វើឡើង ដោយសារស្ថានភាពពិសេសបង្កឡើងពីដំណើរវិវត្តន៍ភូមិសាស្រ្តនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងផលប៉ះពាល់ដោយផ្ទាល់របស់ពួកគេ លើទីផ្សារថាមពលសកល ។
ការសម្រេចចិត្តបានកើតមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្រ្តីអេហ្ស៊ីបលោក Mostafa Madbouly និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣ ខែមីនាថា រដ្ឋាភិបាលរបស់លោកអាចងាកទៅរកវិធានការពិសេស បើសិនជាតម្លៃប្រេងសកល កើនឡើងខ្លាំងដោយសារសង្រ្គាម ។
តម្លៃប្រេង និងឧស្ម័នសកល បានកើនឡើង ពេលដែលសង្រ្គាមបង្អាក់ការនាំចេញថាមពលពីមជ្ឈិមបូព៌ា ក្នុងនោះទីក្រុងតេអេរ៉ង់ បានវាយប្រហារនាវា និងទីតាំងថាមពល ដែលបិទការធ្វើនាវាចរណ៍នៅតំបន់ឈូងសមុទ្រ ហើយនិងបង្ខំឲ្យមានការបញ្ឈប់ផលិតកម្មប្រេងនៅកាតា និងប្រទេសអ៊ីរ៉ាក់ ។
កំណើនពី ១៤ភាគរយ ដល់ ១៧ភាគលើផលិតផលប្រេងជាច្រើនប្រភេទ គឺជាការឡើងថ្លៃលើកដំបូងក្នុងឆ្នាំនេះ ហើយនិងបន្ទាប់ពីការឡើងថ្លៃពីជិត ១០,៥ភាគរយ ដល់ ១២,៩ភាគរយ កាលពីខែតុលា ឆ្នាំមុន ៕