ការវាយប្រហាររបស់អ៊ីស្រាអែល និងការបញ្ជាជម្លៀសប្រជាជនដ៏ច្រើន បានធ្វើឲ្យមនុស្សជិត ៧០០.០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ដោយមានអ្នកភៀសខ្លួនជាង ១០០.០០០នាក់ ក្នុងរយៈពេល ២៤ម៉ោង។ នេះបើយោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ។
លោកស្រី Karolina Lindholm Billing តំណាងប្រចាំប្រទេសលីបង់របស់អង្គការ UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់ UN បាននិយាយថា «ជីវិតរស់នៅរបស់មនុស្សត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង»។
ដោយបាននិយាយពីទីក្រុងបេរូត លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ចាប់តាំងពីការកើនឡើងនូវភាពតានតឹងថ្មី នៅក្នុងប្រទេសលីបង់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការព្រមានឲ្យជម្លៀសប្រជាជន នៅតាមភូមិរាប់សិប «បានជំរុញឲ្យគ្រួសារនានានៅទូទាំងលីបង់ភៀសខ្លួន ក្នុងរង្វង់រយៈពេលតែប៉ុន្មាននាទី»។
លោកស្រីបានចង្អុលបង្ហាញថា «មនុស្សជាង ៦៦៧.០០០នាក់ នៅក្នុងប្រទេសលីបង់ ឥឡូវនេះបានចុះឈ្មោះនៅលើវេទិកាអនឡាញរបស់រដ្ឋាភិបាល (លីបង់) ថា ជាជនភៀសខ្លួន»។
លោកស្រី Lindholm Billing បានបញ្ជាក់ថា៖ «ចំនួនកើនឡើង គឺ ១០០.០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»។ លោកបានសង្កត់ធ្ងន់ថា នេះគឺជា «ល្បឿននៃការធ្វើបម្លាស់ទីលំនៅលឿនជាងមុនខ្លាំង បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងអំឡុងពេលមានសង្គ្រាមចុងក្រោយរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់។
គួរបញ្ជាក់ថា លីបង់ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei អំឡុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕