ជាថ្មីម្តងទៀតហើយដែលប្រជាពលរដ្ឋរស់នៅតំបន់ហ្កាហ្សា បានប្រញាប់ប្រញាល់ទៅផ្សារ ដើម្បីទិញអ្វីដែលពួកគេអាចទិញបាន ស្របពេលដែលសង្រ្គាមក្នុងតំបន់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្វើឲ្យកើតមានរលកនៃទុក្ខវេទនានៅដែនដីបិទច្រកមួយនេះ ដែលពឹងផ្អែកលើជំនួយដ៏ផុយស្រួយ និងខ្សែជីវិតដ៏ជូរចត់ ។
អ្នកស្រុក និងឈ្មួញនិយាយថា តម្លៃទំនិញបានហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ភារៈប្រើប្រាស់សំខាន់ ក្រខ្សត់ ឬលែងមានតែម្តងនៅក្នុងទីផ្សារ ។
រាយការណ៍ពីទីក្រុងហ្កាហ្សា អ្នកស្រី Hani Mahmoud គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera និយាយថា ការកើនឡើងភាពតានតឹងនៅក្នុងតំបន់ កើតមានភ្លាមៗតែម្តង ធ្វើឲ្យខ្វះខាតគ្រឿងផ្គត់ផ្គង់ ហើយនិងការរឹតបន្តឹងការឆ្លងកាត់ព្រំដែន ។
នៅតាមទីផ្សារក្នុងស្រុក អ្នកដើរផ្សារព្យាយាមទិញទំនិញ មុនពេលស្តុកអស់ ដោយពួកគេមានការព្រួយបារម្ភថា អ្វីដែលអាចទិញនៅថ្ងៃនេះបានប្រហែលជាថ្ងៃស្អែកលែងមានទៀតហើយ ។
ការព្រួយបារម្ភនេះដែរ ឆ្លុះបញ្ចាំងពីការពឹងផ្អែករបស់តំបន់ហ្កាហ្សាលើច្រកឆ្លងកាត់ព្រំដែនជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ។
ស្ទើតែទាំងអស់ទំនិញ ប្រេងឥន្ធនៈ ឱសថ និងទំនិញមូលដ្ឋានផ្សេងទៀត ចូលក្នុងដែនដីបិទច្រកមួយនេះ តាមរថយន្ត ហើយនៅពេលដែលច្រកព្រំដែន បានបិទ ឬប្រតិបត្តិការក្នុងសមត្ថភាពធ្លាក់ចុះ ផលប៉ះពាល់នឹងកើតមានភ្លាមៗនៅតាមទីផ្សារ មន្ទីរពេទ្យ និងប្រព័ន្ធទឹក ក្នុងតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលបានបិទច្រកឆ្លងកាត់ព្រំដែនហ្កាហ្សាកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ស្របពេលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ ដោយបញ្ឈប់ការចេញ-ចូលជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ហើយការបំលាស់ទីអ្នកជំងឺដែលត្រូវការការជម្លៀសផ្នែកវេជ្ជសាស្រ្ត ។
ក្រោយមក អាជ្ញាធរអ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ Karem Abu Salem សម្រាប់ការចូលជំនួយបន្តិចបន្តួច ប៉ុន្តែការចូលរបស់ជំនួយនៅតែមានការរឹតត្បិតខ្លាំងដដែល ៕