បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ដែលកំពុងស្នាក់ និងរស់នៅតំបន់មជ្ឈិមបូព៌ាទាំងអស់ មានសុវត្ថិ ធម្មតាទេ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ខណៈសង្រ្គាមរវាងអាមេរិក អ៊ីស្រាអែល និងអែរ៉ង់បន្តផ្ទុះ កាន់តែខ្លាំងឡើង និងគួរឲ្យខ្លាចបំផុតនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦នេះ បានបញ្ជាក់ថា ខ្លួនបានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុតចំពោះការវិវត្ត នៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ហើយស្ថានទូតកម្ពុជាប្រចាំនៅតំបន់នោះ បានទទួលការណែ នាំឲ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុវត្ថិភាព របស់ពួកគេ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះប្រជា ពលរដ្ឋកម្ពុជារួមទាំងនិស្សិតសរុបទាំងអស់ចំនួន៥៩៥នាក់ដែលកំពុងស្នាក់នៅមជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ យ៉ាងណាក៏ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវជាថ្មីម្តងទៀតឲ្យបងប្អូន ក៏ដូចជានិស្សិតខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅតាម បណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជាអ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងប្រទេសបារ៉ែនជាដើមនោះ សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា បើគិតរហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ គឺមានរយៈពេល១២ថ្ងៃហើយ ក្រោយអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើប្រទេសអែរ៉ង់ ដែលបានបណ្តាលឲ្យអ្នកស្លាប់ជាច្រើនជាបន្តបន្ទាប់ និងអគារហេដ្ឋារចនាសម្ព័ន្ធរងការខ្ទិចខ្ទាំយ៉ាងសម្បើម ហើយមិនតែប៉ុណ្ណោះ ក្រោយសង្រ្គាមនៅមជ្ឈិមបូព៌ានេះកើតឡើងអស់រយៈពេលជិតពីរសប្តាហ៍មកនេះក៏បានបណ្តាលឲ្យពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រេង និងឧស្ម័ន្រផងដែរ ដោយតម្លៃប្រេងបានហក់ឡើងខ្ពស់ជា បន្តបន្ទាប់គួរឲ្យព្រួយបារម្ភនោះ៕





