អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា លក្ខខណ្ឌដំបូងរបស់ទីក្រុងតេអេរ៉ង់សម្រាប់បទឈប់បាញ់គឺ "មិនត្រូវមានការឈ្លានពានបន្ថែមទៀតឡើយ" ខណៈបណ្ដាមេដឹកនាំពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះតាមរយៈផ្លូវការទូត។
យោងតាមសារព័ត៌មាន Aljazeera លោក Gharibabadi បានបន្ថែមថា ប្រទេសជាច្រើន រួមទាំងប្រទេសចិន រុស្ស៊ី និងបារាំង បានទាក់ទងអ៊ីរ៉ង់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ឈប់អរិភាព។

សកម្មភាពនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើវិធានការដែលមានគោលបំណងដោះស្រាយជម្លោះនយោបាយ និងការទូតយ៉ាងឆាប់រហ័សជុំវិញសង្គ្រាមអាមេរិក -អ៊ីរ៉ង់។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារ ១០មីនាសប្ដាហ៍នេះ ថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងណាមួយត្រូវបានដឹកជញ្ជូនចេញពីមជ្ឈិមបូព៌ាឡើយ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ដែលជំរុញឱ្យប្រធានាធិបតីលោក Donald Trump បង្កើនវោហារសាស្ត្រថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «ខ្លាំងជាងនេះ ២០ ដង» ប្រសិនបើអ៊ីរ៉ង់ព្យាយាមបញ្ឈប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈបានបង្ហាញសញ្ញាផងដែរថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យោធាអ៊ីរ៉ង់។ លោកក៏បានព្យាករណ៍ផងដែរថា ជម្លោះនឹងបញ្ចប់មុនរយៈពេលបួនសប្តាហ៍ដំបូងដែលលោកបានកំណត់ ទោះបីជាលោកពុំបានកំណត់ថាជ័យជម្នះនឹងទៅជាយ៉ាងណាក៏ដោយ៕

