កូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធទី១១មីនានេះថា ខ្លួនគោរពការបោះឆ្នោតរបស់ប្រជាជនអ៊ីរ៉ង់សម្រាប់មេដឹកនាំកំពូលថ្មីរបស់ពួកគេ គឺលោក Mojtaba Khamenei ដែលត្រូវបានតែងតាំងនៅដើមសប្តាហ៍នេះ ដើម្បីស្នងតំណែងពីឪពុករបស់លោក ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៨កុម្ភៈ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Mojtaba ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលោក Ayatollah Ali Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ ដោយសភាក្រុមអ្នកជំនាញកាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យរូបនេះត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា ទាក់ទងនឹងការប្រកាសជាផ្លូវការថ្មីៗនេះថា សភាក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់បានជ្រើសរើសមេដឹកនាំថ្មីនៃបដិវត្តន៍អ៊ីស្លាម កូរ៉េខាងជើងគោរពសិទ្ធិ និងជម្រើសរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ។
មន្ត្រីកូរ៉េខាងជើងក៏បានរិះគន់យ៉ាងខ្លាំងផងដែរចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ថាជាការវាយប្រហារយោធា "ខុសច្បាប់"។
អ្នកនាំពាក្យរូបនេះបាននិយាយថា កូរ៉េខាងជើង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកំពុងបំផ្លាញមូលដ្ឋានគ្រឹះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងបង្កើនអស្ថិរភាពនៅទូទាំងពិភពលោក ដោយការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់៕

