ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃពុធ១១មីនានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-unបានដឹកនាំការសាកល្បងបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយទៀតពីនាវាពិឃាត Choe Hyon ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំរបស់ខ្លួន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យការសាកល្បងនេះតាមរយៈវីដេអូកាលពីថ្ងៃអង្គារ១០មីនាសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងពង្រីក "ប្រព័ន្ធទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន" ។ រូបភាពដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពី កូនស្រីរបស់លោក Kim គឺ Ju-ae កំពុងត្រួតពិនិត្យការសាកល្បងនេះ។
កូរ៉េខាងជើងបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយស្រដៀងគ្នានេះពីនាវាពិឃាតកាលពីសប្តាហ៍មុន មុនពេលដាក់ឱ្យដំណើរការ។ ការលើកឡើងរបស់ទីក្រុងព្យុងយ៉ាងអំពីអាវុធយុទ្ធសាស្ត្រ បង្ហាញថា មីស៊ីលទាំងនោះអាចមានសមត្ថភាពនុយក្លេអ៊ែរ។
ការសាកល្បងបាញ់ចុងក្រោយនេះបានកើតឡើងខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសមយុទ្ធ Freedom Shield កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រយៈពេល១១ ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយចំពោះសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ទោះបីជាពួកគេនិយាយថា សមយុទ្ធទាំងនេះមានលក្ខណៈការពារខ្លួនក៏ដោយ។
KCNA បាននិយាយថា មីស៊ីលតម្រង់គោលដៅទាំងនោះ បានហោះតាមបណ្តោយគន្លងហោះហើររំលងសមុទ្រលឿងរយៈពេលជាង១០ វិនាទី ហើយបានវាយប្រហារគោលដៅដែលបានកំណត់។
គួររម្លឹកថា កាលពីខែមេសា ឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញនាវា Choe Hyon ដែលជានាវាពិឃាតពហុបំណងទម្ងន់ ៥.០០០ តោន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនអំណាចកងទ័ពជើងទឹក។ ខ្លួនអះអាងថា នាវាពិឃាតនេះត្រូវបានបំពាក់ដោយមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រលឿនជាងសំឡេង មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងមធ្យោបាយវាយប្រហារផ្សេងទៀត៕

