សេចក្តីប្រកាសនៅក្នុងកាសែតរាជវង្សរបស់ថៃ នៅថ្ងៃពុធ (១១ មីនា) នេះបានឱ្យដឹងថា សភាថ្មីរបស់ប្រទេសថៃ នឹងរៀបចំពិធីបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ពោលគឺនៅចុសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន។

គណបក្ស ភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនោះ ដែលទទួលបានអាសនៈចំនួន ១៩១ ក្នុងចំណោមអាសនៈសរុប ៥០០អាសនៈ នៅក្នុងសភា បន្ទាប់មកគឺគណបក្សប្រជាជនថៃ ទទួលបាន ១២០អាសនៈ និងគណបក្សភឿថៃ ទទួលបាន ៧៤អាសនៈ។

កាលពីដើមសប្តាហ៍នេះ លោក Siripong Angkasakulkiat អនុប្រធានគណបក្សភូមិចៃថៃ ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សភាដែលទើបនឹងកោះប្រជុំថ្មីនេះ ត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា។
លោក Siripong បន្ថែមថា សភានឹងបោះឆ្នោតជ្រើសរើសបេក្ខជនមួយរូប សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីត្រូវបានរំពឹងថានឹងចាប់ផ្តើមការងារនៅក្នុងខែមេសា ខាងមុខនេះ។ គណបក្សភូមិចៃថៃ បាននិយាយថា ខ្លួននឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ ដែលជាប់លេខរៀងទី៣ក្នុងការបោះឆ្នោត និងគណបក្សតូចៗមួយចំនួនទៀត ដែលអាចបង្កើតបានជាក្រុមចម្រុះមួយមានអាសនៈសរុបចំនួន ២៩០ នៅក្នុងសភាថៃ៕