ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអង្គារ (១០ មីនា) ថា អ៊ុយក្រែន បានបញ្ជូនក្រុមការពារដែនអាកាសទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។

បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បានប្រើប្រាស់មីស៊ីលការពារដែនអាកាសដ៏មានតម្លៃថ្លៃក្នុងបរិមាណយ៉ាងច្រើន ដើម្បីទប់ទល់នឹងដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ ហើយបានស្វះស្វែងរកជំនួយពីអ៊ុយក្រែន ដែលមានបទពិសោធជោគជាំលើការបាញ់ទម្លាក់យានដ្រូនបែបនេះ។ ទីក្រុងគីវ បាញ់ទម្លាក់ដ្រូនរុស្ស៊ីជារៀងរាល់យប់ ដោយប្រើសព្វាវុធជាច្រើនប្រភេទ រួមទាំងដ្រូនតូចៗដែលមានតម្លៃថោក ឬឧបករណ៍បង្អាក់រលកសញ្ញាជាដើម។

លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មានថា៖ «ពាក់ព័ន្ធនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោកបានបញ្ជូនក្រុមការងារអ៊ុយក្រែនទៅទីនោះ រួមមានក្រុមជំនាញយានដ្រូនចំនួនបីក្រុម»។ លោកមិនលម្អិតអំពីក្រុមទាំងនោះទេ ប៉ុន្តែបាននិយាយថា ពួកគេគួរតែទៅដល់ទីតាំងគោលដៅទាំងអស់នៅក្នុងសប្តាហ៍នេះ។ ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់លោកក៏បាននិយាយផងដែរថា ក្រុមអ្នកជំនាញអ៊ុយក្រែនត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានីរួចហើយ ប៉ុន្តែក៏មិនបានលម្អិតច្រើនដែរ។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៊ុយក្រែនបានព្យាយាមទាញយកអត្ថប្រយោជន៍ពីបទពិសោធដ៏លើសលប់របស់ខ្លួនក្នុងការទប់ទល់នឹងដ្រូនវាយប្រហារប្រភេទ Shahed របស់រុស្ស៊ី ដែលរចនាដោយអ៊ីរ៉ង់។ ទីក្រុងគីវបាននិយាយថា រុស្ស៊ី ដែលបច្ចុប្បន្នផលិតដ្រូនទាំងនោះដោយខ្លួនឯង បានបាញ់ដ្រូនប្រភេទ Shahed ជាង ៥៧.០០០ គ្រឿង ដាក់លើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ៕