តម្លៃប្រេងនៅតែឡើងចុះមិនទៀងទាត់ជាថ្មីម្ដងទៀតនៅថ្ងៃពុធ (១១ មីនា) នេះ បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានស្នើឱ្យមានការបញ្ចេញប្រេងបម្រុងក្នុងកម្រិតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់វិបត្តិសកល និងប៉ះប៉ូវដល់ភាពរអាក់រអួលនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

ប្រេងឆៅ Brent បានកើនឡើង ១១សេន ឬ ០,១៣% ក្នុងតម្លៃ ៨៧,៩១ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល ០១:២៩ នាទីយប់ចូលថ្ងៃពុធនេះ។ ចំណែកឯតម្លៃប្រេងឆៅរបស់អាមេរិក (WTI) បានកើនឡើង ៧ សេន ឬ ០,០៨% ក្នុងតម្លៃ ៨៣,៥២ ដុល្លារក្នុងមួយបារ៉ែល។ ដំបូងឡើយ សន្ទស្សន៍ទាំងពីរបានធ្លាក់ចុះ ភ្លាមៗបន្ទាប់ពីរបាយការណ៍របស់ WSJ ហើយក្រោយមក ក៏បានកើនឡើងបន្តិចវិញ។

លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG ក្នុងទីក្រុងស៊ីដនី បានលើកឡើងក្នុងកំណត់សម្គាល់មួយថា៖ «អ្នកវិភាគបន្តរំពឹងថា តម្លៃប្រេងឆៅនឹងនៅតែមានការប្រែប្រួលខ្លាំងដោយសារតែព័ត៌មានសំខាន់ៗ ខណៈដែលការជួញដូរស្ថិតក្នុងចន្លោះដ៏ធំទូលាយនៅខ្ទង់ ៧៥ ដុល្លារ ទៅ ១០៥ ដុល្លារ នៅក្នុងវគ្គជួញដូរនាពេលខាងមុខ»។

កាសែត WSJ បានរាយការណ៍ថា សំណើបញ្ចេញប្រេងរបស់ IEA ថ្មីនេះ នឹងលើសពីចំនួន ១៨២ លានបារ៉ែល ដែលបណ្ដាប្រទេសជាសមាជិក IEA ធ្លាប់បញ្ចេញទៅក្នុងទីផ្សារចំនួនពីរលើកកាលឆ្នាំ២០២២ ពោលគឺនៅពេលជម្លោះទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមដំបូង៕