ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអឺរ៉ុបខាងជើង និងក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានប្រកាសដំឡើងថ្លៃសំបុត្រយន្តហោះ ដោយស្តីបន្ទោសលើការកើនឡើងភ្លាមៗនៃតម្លៃប្រេងឥន្ធនៈបណ្តាលមកពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ធ្វើឲ្យវិស័យអាកាសចរណ៍សកលរង្គោះរង្គើ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិប្រទេសនូវែលសេឡង់ បាននិយាយកាលពីថ្ងៃអង្គារថា តម្លៃប្រេងយន្តហោះ មានតម្លៃប្រហែល ៨៥ ដុល្លារ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែលមុនពេលវាយប្រហារលើអ៊ីរ៉ង់ បានកើនឡើងដល់ចន្លោះពី ១៥០ ដុល្លារ ទៅ ២០០ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនបានផ្អាកទស្សនវិស័យហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ ដោយសារតែភាពមិនប្រាកដប្រជាជុំវិញជម្លោះ។ សង្គ្រាម ដែលបានរំខានដល់ការដឹកជញ្ជូនតាមរយៈផ្លូវនាំចេញប្រេងសំខាន់បំផុតរបស់ពិភពលោក បានធ្វើឲ្យតម្លៃប្រេងកើនឡើង ធ្វើឲ្យការធ្វើដំណើរនៅទូទាំងពិភពលោកថយចុះ ជំរុញឲ្យតម្លៃសំបុត្រយន្តហោះសម្រាប់ផ្លូវមួយចំនួនឡើងខ្ពស់កប់ពពកនិងបង្កឱ្យមានការព្រួយបារម្ភពីការធ្លាក់ចុះខ្លាំងនៃការធ្វើដំណើរ។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសអឺរ៉ុបខាងជើង បានកែប្រែគោលនយោបាយការពារហានិភ័យប្រេងឥន្ធនៈរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទីផ្សារមិនប្រាកដប្រជា និងបាននិយាយថា ខ្លួនពុំមានការការពារហានិភ័យនៃការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រយៈពេល១២ខែបន្ទាប់ទេ។ ក្រុមហ៊ុនអាកាសចរណ៍អាស៊ី និងអឺរ៉ុបជាច្រើន រួមមាន ក្រុមហ៊ុន Lufthansa និង Ryanair មានការការពារហានិភ័យប្រេងឥន្ធនៈ ដោយធានាបាននូវផ្នែកមួយនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពួកគេក្នុងតម្លៃថេរ។