លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែមីនា ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី១១ជាប់ៗគ្នា ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថា កំណត់គោលដៅដោយចេតនាវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទូទាំងប្រទេស។

ថ្លែងនៅអង្គការសហប្រជាជាតិ លោក Iravani បាននិយាយថា ជនស៊ីវិលជាង ១.៣០០នាក់ ត្រូវបានសម្លាប់ ហើយទីតាំងលំនៅឋាន ទីតាំងពាណិជ្ជកម្ម វេជ្ជសាស្ត្រ និងអប់រំរាប់ពាន់កន្លែង ត្រូវបានបំផ្លាញ ឬខូចខាតចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

លោកបាននិយាយថា ការវាយប្រហារបានបំផ្លាញទីតាំងស្តុកប្រេងឥន្ធនៈនៅទីក្រុងតេអេរ៉ង់ បណ្តាលឱ្យមានការបំពុលខ្យល់ធ្ងន់ធ្ងរ និងហានិភ័យសុខភាព។ ការវាយប្រហារ ក៏បានកំណត់គោលដៅលើអាកាសយានដ្ឋាន Mehrabad និងរោងចក្រចម្រាញ់ទឹកប្រៃនៅលើកោះ Qeshm ដោយធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកដល់ភូមិចំនួន៣០។
លោក Iravani ក៏បានចោទប្រកាន់អ៊ីស្រាអែលពីការវាយប្រហារកាលពីថ្ងៃទី៨ ខែមីនា លើសណ្ឋាគារមួយកន្លែងក្នុងទីក្រុងបេរូត ដែលបានសម្លាប់អ្នកការទូតអ៊ីរ៉ង់ចំនួនបួននាក់ ដោយចាត់ទុកថា ជាការវាយប្រហារភេរវកម្ម និងជាឧក្រិដ្ឋកម្មសង្គ្រាម។ លោកបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារទាំងនេះ និងមានចំណាត់ការដើម្បីបញ្ឈប់សង្គ្រាម។