មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសហជីព ដែលតំណាងឱ្យកម្មករនិយោជិត និងភាគីនិយោជក ត្រូវបង្កើនកិច្ចសហការគ្នាឱ្យល្អប្រសើរ ធ្វើយ៉ាងណារក្សាឱ្យបាននូវសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះបានលើកឡើងឱ្យដឹងថា ការស្នើរទាំងនេះទៅកាន់ភាគីទាំងសហជីព និងនិយោជក ក្រៅពីប្រយោជន៍ជារួម បន្ថែមពីនេះ គឺដើម្បីជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់កម្មករនិយោជិតបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យសហជីព និងនិយោជក ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការដោះស្រាយវិវាទការងារដោយចៀសវាងដាច់ខាតនូវការជ្រើសរើសយក “ការបិទផ្លូវថ្នល់ជាចំណាប់ខ្មាំង” ដែលទង្វើនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដទៃផ្សេងទៀតផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា នៅពេលដែលភាគីពាក់ព័ន្ធរួមគ្នាពង្រឹងសាមគ្គីភាព ដោយចាត់ទុកកន្លែងការងារជាឆ្នាំងបាយរួម នោះក៏ទាមទារឱ្យមានការចូលរួមបន្ថែមទៀតក្នុងការថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឱ្យបាននូវ “សហគ្រាសមួយ ជាសហសហគមន៍សុខសាន្តមួយ” ដើម្បីពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករ និយោជិត។
ពាក់ព័ន្ធការលើកឡើងខាងលើនេះរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងដោយគាំទ្រទាំងស្រុង ក្នុងមូលហេតុថា ការជំរុញឱ្យមានសាមគ្គីភាព រវាងសហជីព កម្មករនិយោជិត និងភាគីនិយោជក ពិតជាបានផ្តល់នូវបរិយាកាសល្អប្រសើរទាំងអស់គ្នា ទាំងកំណើនផលិតភាព កំណើនប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗថែមទៀត សម្រាប់ជាប្រយោជន៍រួមសម្រាប់គ្រប់ភាគី។
លោកកត់សម្គាល់ឃើញថា រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ វិស័យការងារមានការរីកចម្រើន និងមានភាពធន់ ទោះត្បិតថា មានការរំខានពីផលប៉ះពាល់ការឈ្លានពានទឹកដីរបស់ភាគីថៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវិស័យការងារមានកំណើន ហើយបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានផ្តល់ឱកាសការងារដល់អតីតពលករដែលមកពីថៃប្រមាណជាង ៦០ម៉ឺននាក់ រួចមកហើយ។ ហើយសមិទ្ធិផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ គិតគូរខិតខំដោះស្រាយនូវបញ្ហាប្រឈមនានា ហើយបង្កើតនូវឱកាសការងារ ជំរុញសេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងការងារ បានកើនឡើងដល់ចំនួនជាង ៤ម៉ឺន ៦ពាន់សហគ្រាស ដែលបានផ្តល់ការងារដល់កម្មករនិយោជិតចំនួនជាង ២,១លាននាក់ ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងនោះ គិតត្រឹមបំណាច់ឆ្នាំ២០២៥ សហគ្រាសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ១ពាន់ ៨៦៧សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,១លាននាក់ និងវិស័យក្រៅពីកាត់ដេរមានចំនួនជាង ៤ម៉ឺន ៤ពាន់សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជិត ១លាននាក់៕អត្ថបទ៖ ឈិត បូរ៉ាវី






