ប្រកួតទី ១០០ របស់ Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot បានបញ្ចប់ទៅដោយលទ្ធផលបរាជ័យនៅទឹកដី Galatasaray ១-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។
នៅចំពោះមុខអ្នកគាំទ្រពេញកីឡដ្ឋាននៅទីក្រុង Istanbul ប្រទេសទួកគី ក្រុមម្ចាស់ផ្ទះទទួលបានក្តីរីករាយតាំងពីនាទីទី ៧ ដោយ Mario Lemina។

នេះជាគ្រាប់ទី ១០ ដែល Liverpool របូតនៅពេលបាល់ចេញពីជ្រុងរដូវកាលនេះ និងជាគ្រាប់ដំបូងរបស់អតីតកីឡាករ Southampton, Fulham និង Wolves រូបនេះផងដែរ។
អ្នកគាំទ្រ Liverpool តែងតែសង្ឃឹមថាពួកគេអាចវាយបកយកឈ្នះវិញបាន ដូចអនុស្សាវរីយ៍ដែលពួកគេវាយបកយកឈ្នះ AC Milan គ្រងជើងឯកនៅទីក្រុង Istanbul នេះកាលពីឆ្នាំ ២០០៥។
យ៉ាងណាក្តី ក្រុមរបស់លោក Arne Slot មិនអាចកែប្រែលទ្ធផល ១-០ នេះបានឡើយ។

Liverpool នៅមានឱកាសជើងទី ២ ត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ដើម្បីគេចផុតពីប្រវត្តិចាស់ឆ្នាំមុនដែលធ្លាក់ត្រឹមវគ្គ ១៦ ក្រុមនេះទល់នឹងក្រុមជើងឯក Paris Saint Germain។
បរាជ័យត្រឹមវគ្គ ១៦ ក្រុមក៏នឹងជាសម្ពាធបន្ថែមសម្រាប់អ្នកចាត់ការ Arne Slot ដែរ តែបុរសសញ្ជាតិហូឡង់រូបនេះមានស្ថិតិដឹកនាំក្រុមល្អលំដាប់ទី ២ ក្នុងចំណោមអ្នកចាត់ការ Liverpool ១១ នាក់ចុងក្រោយនៅពេលដឹកនាំបាន ១០០ ប្រកួតបែបនេះ។
លោក Kenny Dalglish ឈរលើគេដឹកនាំ ១០០ ប្រកួតឈ្នះ ៦២ ស្មើ ២៥ ចាញ់ ១៣ ខណៈលោក Arne Slot ដឹកនាំ ១០០ ប្រកួតដូចគ្នាឈ្នះ ៦២ ប្រកួតដូចគ្នា ស្មើ ១៦ ចាញ់ ២២៕ អត្ថបទ៖នាង សុភាវុធ
