ប្រធានស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមានថា ការបង្កើនការវាយប្រហារនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យជនស៊ីវិលស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំងឡើង ដោយលោកបានដាស់តឿនថា វដ្តនៃការសងសឹកដ៏ជ្រាលជ្រៅនេះ អាចបង្កឱ្យមានផលវិបាកដ៏មហន្តរាយនៅទូទាំងតំបន់។

លោក Turk បាននិយាយកាលពីថ្ងៃអង្គារ (១០ មីនា) ថា ការប្រឈមមុខដាក់គ្នាដែលកាន់តែខ្លាំងក្លាឡើងរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងអ៊ីរ៉ង់ បានបង្កើតឱ្យមាន «វដ្ដនៃការវាយបកសងសឹកគ្នាទៅវិញទៅមក» ដ៏គ្រោះថ្នាក់ ដែលកំពុងវាយប្រហារចំតំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ លោក Turk បានបន្តថា ចំនួននៃការវាយប្រហារដែលកំពុងកើនឡើងលើតំបន់លំនៅដ្ឋាន មូលដ្ឋានសុខាភិបាល សាលារៀន ទីតាំងវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធថាមពល បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការការពារជនស៊ីវិល។
គួរឱ្យដឹងថា អរិភាពចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានរលកនៃការវាយប្រហារដោយមីស៊ីល និងដ្រូនសងសឹកវិញនៅទូទាំងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ។
ក្រៅពីសមរភូមិផ្ទាល់ លោក Turk ក៏បានព្រមានផងដែរថា ជម្លោះដែលរីករាលដាលកាន់តែខ្លាំងនេះ កំពុងរំខានដល់ផ្លូវផ្គត់ផ្គង់សកល។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍ដឹកជញ្ជូនតាមផ្លូវទឹកនៅច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រ កំពុងជះឥទ្ធិពលដល់លទ្ធភាពទទួលបានថាមពល ស្បៀងអាហារ និងជី នៅក្នុងផ្នែកនានាដែលងាយរងគ្រោះបំផុតនៃពិភពលោក៕

