លោក Alexander Bortnikov នាយកសេវាសន្តិសុខសហព័ន្ធ (FSB) និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAC) បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rossiyskaya Gazeta ក្នុងឱកាសខួបលើកទី ២០ នៃការបង្កើត NAC ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩0 ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច បានប្រើប្រាស់ភេរវកម្មជាឧបករណ៍មួយ ក្នុងការតស៊ូខាងភូមិសាស្ត្រនយោបាយប្រឆាំងនឹងប្រទេសរុស្ស៊ី និងបានគ្រប់គ្រងសកម្មភាពរបស់ក្រុមភេរវករ ដែលកំពុងលេចចេញនៅក្នុងប្រទេសនេះ។

លោក Bortnikov បានរំលឹកឡើងវិញថា៖«ការសម្រេចចិត្តបង្កើតគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ត្រូវបានរងឥទ្ធិពលដោយព្រឹត្តិការណ៍ដ៏លំបាកនៃទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ សម្រាប់សង្គមរុស្ស៊ីទាំងមូល។ ក្នុងអំឡុងពេលនោះ ដោយសារវិបត្តិទូទៅនៃភាពរដ្ឋ សហគមន៍ភេរវកម្មមួយ កំពុងត្រូវបានបង្កើត និងបង្រួបបង្រួម ដោយរួមបញ្ចូលគ្នាជាមួយឧក្រិដ្ឋកម្មឆ្លងដែន ដែលត្រូវបានគេរៀប ចំឡើង»។
លោកបានកត់សម្គាល់ថា៖«វាច្បាស់ណាស់ថា ក្រុមភេរវករត្រូវបានគ្រប់គ្រងពីបរទេស។ អំពើភេរវកម្ម ត្រូវបានអនុវត្តដោយសេវាស៊ើបការណ៍សម្ងាត់របស់បណ្តាប្រទេសលោកខាងលិច ដែលបានប្រកាសសម្ព័ន្ធភាពជាមួយយើងដោយលាក់ពុត»។ យោងតាមលោក Bortnikov អំពើភេរវកម្មបានប្រែក្លាយទៅជាឧបករណ៍នៃការតស៊ូខាងភូមិសាស្ត្រនយោបាយប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយធ្វើឲ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនេះ ការបែងចែក និងការគំរាមកំហែងដល់សង្គម និងញុះញង់ឲ្យមានការរើសអើង និងភាពជ្រុលនិយម៕
