បេសកជនពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងអាប៊ុយដាប៊ី និងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួមលោក Abdullah bin Zayed Al Nahyan ថា ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជម្លោះប្រដាប់អាវុធទៅកាន់តំបន់ឈូងសមុទ្រពែក្សាទាំងមូល និងអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់។
ដោយត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍មជ្ឈិមចិន លោកបាននិយាយថា៖«ភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំងថា អណ្តាតភ្លើងនៃសង្គ្រាមកំពុងរាលដាលដល់តំបន់ឈូងសមុទ្រពែក្សទាំងមូល។ យើងតែងតែជឿជាក់ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ នៅឈូងសមុទ្រពែក្ស គួរតែត្រូវបានគោរព ហើយការវាយប្រហារណាមួយលើជនស៊ីវិល និងគោលដៅមិនមែនយោធាសមនឹងត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ»។

រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម បាននិយាយថា ទីក្រុងអាប៊ុយដាប៊ី មិនមែនជាភាគីនៃជម្លោះប្រដាប់អាវុធទេ តែងតែតស៊ូមតិគាំទ្រសន្តិភាពនៅក្នុងតំបន់ និង «មិនគួរត្រូវបានវាយប្រហារទេ»។ លោកក៏បានធានាដល់ភាគីចិនផងដែរថា អារ៉ាប់រួម នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ និងស្ថាប័ននានារបស់ចិន នៅលើទឹកដីរបស់ខ្លួន។
អំឡុងពេលដំណើរទស្សនកិច្ចនេះ លោក Zhai Jun ក៏បានជួបពិភាក្សាជាមួយលោក Khaldoon Al Mubarak បេសកជនពិសេសរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមប្រចាំប្រទេសចិន ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
